(វ៉ាស៊ីនតោន)៖ ប្រធានគណៈទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមាន គឺលោក ខេវិន ហាស្សេត (Keven Hassett) នឹងត្រូវចុះចេញពីតំណែងក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា «លោក Kevin Hassett ដែលបានបម្រើការងារយ៉ាងប្រសើរឲ្យខ្ញុំ និងរដ្ឋបាលរបស់ខ្ញុំនោះ នឹងត្រូវចាកចេញពីសេតវិមាន ក្នុងពេលឆាប់ៗនេះហើយ»។ លោក ត្រាំ បានប្រាប់ថា រូបលោកនឹងតែងតាំងអ្នកថ្មីជំនួសលោក Hassett នៅពេលលោកវិលត្រឡប់មកពីបំពេញទស្សនកិច្ច នៅតំបន់អឺរ៉ុបវិញ។
យ៉ាងណាមិញ លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា តើលោក Hassett បានលាលែងដោយខ្លួនឯង ឬក៏ត្រូវបញ្ឈប់ពីតួនាទីឡើយ ហើយលោកក៏មិនបានបង្ហើបឲ្យ ដឹងពីហេតុផលដែរ។ លោក Hassett អាយុ ៥៧ឆ្នាំ បានចូលកាន់តំណែងជាប្រធានទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់ លោក ត្រាំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
គួរជម្រាបថា នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) លោក ត្រាំ នឹងចាប់ផ្តើមចេញដំណើរទៅកាន់តំបន់អឺរ៉ុប ដោយលោកនឹងបំពេញទស្សនកិច្ចនៅ អង់គ្លេស អៀរឡង់ និងបារាំង ដោយក្នុងនោះបញ្ហា Brexit អ៊ីរ៉ង់ សន្តិសុខនៅមជ្ឈិមបូព៌ា និងភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោក អាចនឹងក្លាយជារបៀបវារៈសំខាន់៕