(ប៉េកាំង)៖ ការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ចិនបានលួចកម្មសិទ្ធិបញ្ញារបស់ខ្លួន គឺការប្រឌិតគ្មានមូលដ្ឋាន។ នេះបើតាមសៀវភៅសមួយ ចេញផ្សាយដោយការិយាល័យ ក្រុមប្រឹក្សាព័ត៌មានរដ្ឋចិនដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

សៀវភៅសដដែលបានបញ្ជាក់ទៀតថា សមិទ្ធផលដែលចិនសម្រេចបាននៅក្នុង វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺមិនបានលួចពីនរណាទាំងអស់ ហើយក៏មិនបានបង្ខំឱ្យនរណាម្នាក់ ផ្ទេរបច្ចេវិទ្យាទាំងនេះមកឱ្យខ្លួនដែរ។ ផ្ទុយទៅវិញចិនបានប្រឹងប្រែងដោយខ្លួនឯង តាមរយៈការចំណាយថវិកា ទៅលើការស្រាវជ្រាវនានា ទើបខ្លួនអាចដើរមកដល់ថ្ងៃនេះ។

បន្ថែមពីខាងលើនេះ ប្រទេសចិនក៏បានបង្កើតផងដែរនូវប្រព័ន្ធច្បាប់មួយ ដើម្បីការពារកម្មសិទ្ធិបញ្ញាដែលស្របទៅនឹងច្បាប់អន្តរជាតិ និងលក្ខខណ្ឌក្នុងស្រុករបស់ចិន ស្ថិតនៅក្នុងគោលដៅការពារកម្មសិទ្ធិបញ្ញាក្នុងស្រុករបស់ចិន និងបណ្តាក្រុមហ៊ុនបរទេស ដែលបានមកបណ្តាន់ទុនរកស៊ីក្នុងប្រទេសចិនផ្ទាល់។

បើតាមសៀវភៅសខាងលើ ប្រទេសចិនបានលើកទឹកចិត្ត និងគោរពឆន្ទៈនៃកិច្ចសហប្រតិបតិ្តការបច្ចេកទេសរវាងចិន និងក្រុមហ៊ុនបរទេសដទៃ ដោយផ្អែកលើគោលការណ៍ទីផ្សារ។ ដូច្នេះការចោទប្រកាន់ចិនពីការលួចកម្មសិទ្ធិបញ្ញា គឺគ្មាមូលដ្ឋាន និងជារឿងប្រឌិតទាំងស្រុង ដែលត្រូវបានលើកឡើង ពីសំណាក់អាមេរិកតែឯងប៉ុណ្ណោះ។

គួរបញ្ជាក់ថា កន្លងមកសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនដូចជា Huawei ជាដើមថា បានលួចស៊ើបការណ៍សម្ងាត់ និងចម្លងបច្ចេកវិទ្យា ដែលនាំឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ អាមេរិក ហើយថែមទាំងបានគំរាមពិភពលោកអំពីគ្រោះថ្នាក់នេះដែរ។ ប៉ុន្តែភាពជាក់ស្តែង គឺគ្មានប្រទេសណាផ្សេង ឬសូម្បីតែសម្ព័ន្ធមិត្តធំៗរបស់អាមេរិកខ្លួន ឯង បានចេញមុខអះអាងនូវ អ្វីៗដូចដែលអាមេរិកបានធ្វើការចោទប្រកាន់ ទៅលើក្រុមហ៊ុនចិននោះឡើយ។

តួយ៉ាងដូចជាកាលពីអាមេរិកសម្រេចដាក់ Huawei ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ក្រុមការងារពិនិត្យពិច្ច័យ ឯករាជ្យមួយនៅសហភាពអឺរ៉ុប បានចេញលទ្ធផលស៊ើបអង្កេតរបស់ខ្លួន ដោយបញ្ជាក់ច្បាស់ៗថា «មិនបានរកឃើញភាពមិនប្រក្រតី ឬក៏ដាក់ឧបករណ៍ Back door» ទុកស៊ើបការណ៍សម្ងាត់ នៅក្នុងឧបករណ៍ទូរគមនាគមន៍របស់ចិននោះឡើយ។ ផ្ទុយទៅវិញ ផលិតផល របស់ក្រុមហ៊ុន Cisco របស់អាមេរិកទៅវិញទេ ដែលមានបំពាក់អ្វីមួយដែលគួរឲ្យសង្ស័យ។

បន្ថែមពីខាងលើនេះទៀត ក្រោយទទួលរងទណ្ឌកម្មពីរដ្ឋបាលលោក ដូណាល់ ត្រាំ និងការផ្តាច់ទំនាក់ទំនងពីសំណាក់ ក្រុមហ៊ុនអាមេរិកនានា បិតាស្ថាបនិក Huawei បានធ្វើការគូសបញ្ជាក់យ៉ាងកម្រមួយថា ក្រុមហ៊ុន Huawei ពិតជាធំធេង និងបានព្យាយាម អភិវឌ្ឍន៍ 5G ដោយសមត្ថភាពខ្លួនឯង តាមរយៈកិច្ចសហការរវាងបុគ្គលិកចំរុះជាតិសាសន៍ ខណៈដែលអាមេរិកខ្លួនឯងអភិវឌ្ឍន៍ 5G ដូចគ្នានេះមិនទាន់បានផង៕