(កាណាដា)៖ រដ្ឋាភិបាលកាណាដាបានសម្រេចចិត្ត បិទស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងការ៉ាកាស់ ប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានបដិសេធការទទួលស្គាល់ក្រុមមន្ត្រីទូត ដែលរិះគន់របបរបស់លោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។

ព្រមពេលជាមួយគ្នា ទីក្រុងអូតតាវ៉ាក៏បានសម្រេចចិត្តត្រួតពិនិត្យឡើងវិញ លើលក្ខខន្តិកៈរបស់ មន្ត្រីទូតលោក ម៉ាឌូរ៉ូ ប្រចាំប្រទេសកាណាដាផងដែរ។ បន្ថែមពីលើនេះ តាមរយៈ សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទា ហ្វ្រីឡេនដ៍ (Chrystia Freeland) បានបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់កាណាដា គឺធ្វើឡើងជាការឆ្លើយតបរបបដឹកនាំ លោក ម៉ាឌូរ៉ូ ចំពោះដាក់កំហិតលើលទ្ធភាពនៃស្ថានទូតបរទេស ប្រចាំវេណេស៊ុយអេឡា ជាពិសេសគឺ ស្ថានទូតបរទេសដែលផ្ដល់យោបល់ ពីការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គួរជម្រាបថា កាលពីខែមករាកន្លងទៅ កាណាដាបានចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្ដា ប្រទេសក្នុងតំបន់អាមេរិកឡាទីនធំៗ ដោយទទួលស្គាល់មេបក្សប្រឆាំងលោក Juan Guaido ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ខណៈបណ្តាប្រទេសនៅអាមេរិកឡាទីន មួយចំនួនដូចជា កូឡុំប៊ី និងប្រេស៊ីលជាដើម បានចូលរួមសកម្មភាពនេះយ៉ាងផុសផុល។ ទោះបីជាបែបនេះក្តី រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលនៅរក្សាភាពច្បាប់របស់ខ្លួន ទាំងនៅក្នុងប្រទេស និងអង្គការសហប្រជាជាតិ (UN) ព្រមទាំងបានបានចោទបណ្តាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ទាំងនោះថា កំពុងជ្រោមជ្រែងបក្សប្រឆាំងខុសច្បាប់ ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់៕