(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅដល់ចក្រភពអង់គ្លេស នៅព្រឹកថ្ងៃចន្ទនេះ សម្រាប់ការបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ។ នេះបើតាមការ ចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៣ ខែមិថុនា ឆ្នាំ២០១៩។
យន្ដហោះ Air Force One របស់លោក ត្រាំ ត្រូវបានគេរំពឹងថានឹងចុះចតនៅឯអាកាសយានដ្ឋាន London Stansted នៅម៉ោង៩៖០០ព្រឹក (ម៉ោងក្នុងទីក្រុងឡុងដ៍)។ ចំណែកឯ ម្ចាស់ក្សត្រី Elizabeth នឹងរៀបចំពិធីជប់លៀងមួយនៅព្រះបរមរាជវាំង Buckingham នៅល្ងាចថ្ងៃចន្ទនេះ ជាកិច្ចទទួលស្វាគមន៍លោក ត្រាំ និងជំទាវទីមួយអាមេរិក Melania Trump។ ប៉ុន្តែទន្ទឹមគ្នា បាតុកម្មនៅទូទាំងចក្រភពអង់គ្លេសប្រឆាំងនឹងលោក ត្រាំ ក៏ត្រូវបានគេរំពឹងថានឹងកើតឡើងផងដែរ នៅក្នុងទីក្រុង ឡុងដ៍, Manchester, Belfast, Birmingham និងទីក្រុង Nottingham។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចមកកាន់ចក្រភពអង់គ្លេស លោក ដូណាល់ ត្រាំ បានប្រាប់ សារព័ត៌មាន The Sun ថាលោកគាំទ្រអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson ឱ្យធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី៕