(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Takeshi Iwaya មានគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិននៅក្នុងឆ្នាំ២០១៩នេះ ហើយបើវាកើតឡើងមែន នោះលោកនឹងក្លាយជាប្រមុខការពារជាតិ ជប៉ុនដំបូងគេបំផុតដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មានជប៉ុន Yomiuri Shimbun នៅថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ២០១៩។
សារព័ត៌មាន Yomiuri Shimbun បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងស្ដីពីការរៀបចំដំណើរទស្សនកិច្ច របស់លោក Takeshi Iwaya ទៅកាន់ប្រទេសចិន ត្រូវបានធ្វើឡើងនៅអំឡុងជំនួបរវាងលោក Iwaya និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នាឱកាសដែលអ្នកទាំង២ចូលរួមកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃសៅរ៍។ បន្ថែមពីលើនេះ នៅក្នុងជំនួបនោះ ភាគីទាំង២ក៏បានពិភាក្សាគ្នាផងដែរពីការបង្កើតយន្ដការណ៍មួយដើម្បីទប់ស្កាត់ជម្លោះរវាងនាវាចម្បាំង និងយន្ដហោះចម្បាំងរបស់ប្រទេសទាំង២ផងដែរ។
គួរជម្រាបថា បើតាម Yomiuri Shimbun ក្រោយជំនួបជាមួយលោក Wei Fenghe លោក Iwaya បានប្រាប់អ្នកសារព័ត៌មានថា ជប៉ុន និងចិននឹងចូលរួមលើកកម្ពស់ការផ្លាស់ប្ដូរយោបល់ផ្នែកវិស័យការពារ ជាតិ ព្រមទាំងកសាងទំនាក់ទំនងរវាងប្រទេសទាំង២ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នា និងជឿជាក់ គ្នាទៅវិញទៅមក៕