(ម៉ូស្គូ)៖ ករណីផ្ទុះយ៉ាងកក្រើកមួយបានកើតឡើងនៅរោងចក្រផលិតម្សៅជាតិផ្ទុះ TNT នៅភាគកណ្តាលប្រទេសរុស្ស៊ី ខណៈអាជ្ញាធរក្នុងតំបន់បានអះអាងថា មនុស្សចំនួន០៤នាក់បានទទួលរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
រោងចក្រកើតហេតុខាងលើនេះមានឈ្មោះថា គ្រីស្តល (Kristall) ស្ថិតនៅទីក្រុង ឌីស៊ែហ្សីង (Dzerzhinsk) នៃតំបន់ នីស្នី នូវហ្គោរ៉ូដ (Nizhny Novgorod) ភាគកណ្តាលប្រទេសរុស្ស៊ី ដោយក្រោយកើតហេតុភ្លាមៗនៅពេលរសៀលថ្ងៃសៅរ៍នេះ (ពេលវេលានៅភាគកណ្តាលរុស្ស៊ី) ប្រជាជននៅជុំវិញតំបន់នោះបានថតរូប និងវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញផ្សែងរោងចក្រ កញ្ជ្រោលឡើងលើមេឃមានរាងដូចជាផ្សិតមួយដើម។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញក្នុងរោងចក្រ ការផ្ទុះដ៏កក្រើកនេះទំនងជាត្រូវបានបង្កឡើងដោយកត្តាខុសបច្ចេកទេស ហើយបើសិនជាមិនអាចដោះស្រាយបានទៀតនោះ វានឹងអាចកើតមានការផ្ទុះជាបន្តបន្ទាប់ទៀត៕