(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូបនៃសហរដ្ឋអាមេរិកមកពីរដ្ឋវ៉ឺជីនៀ (Virginia) គឺលោក រីឆាដ ប្លេក (Richard Black) បានសរសេរលិខិតមួយទៅកាន់លោក ដូណាល់ ត្រាំ ដោយអំពាវនាវឲ្យប្រធានាធិបតីអាមេរិករូបនេះ ឈប់ស្តាប់ការបញ្ចុះបញ្ចូលរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដែលកំពុងតែព្យាយាមអូសទាញអាមេរិកឲ្យទៅបង្កជាមួយអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នារសៀលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
លោក Richard Black បានធ្វើការអំពាវនាវដូចខាងលើនេះ តាមរយៈលិខិតទៅកាន់លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «លោក John Bolton បានបំពានអំណាចរបស់អ្នក (លោក ត្រាំ) ក្នុងនាមជាអគ្គមេបញ្ជាការនៃកងទ័ព។ លោក (Bolton) បានប្រឆាំងនឹងបញ្ជារបស់អ្នក ឲ្យដកទ័ពជាបន្ទាន់ចេញពីប្រទេសស៊ីរី ហើយឥឡូវនេះលោក Bolton ថែមទាំងបានធ្វើឲ្យសម្ព័ន្ធមិត្តយើងទាំងអស់ព្រួយបារម្ភ តាមរយៈចេតនាចង់ឲ្យមានការបង្កសង្គ្រាមជាមួយនិងអ៊ីរ៉ង់ថែមទៀត...។»
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺលោក Black បានសង្កត់ធ្ងន់ថា «ខ្ញុំបានបោះឆ្នោតឲ្យអ្នក (លោក ត្រាំ) ប៉ុន្តែខ្ញុំមិនបានបោះឆ្នោតរើសយក John Bolton នោះទេ ហើយខ្ញុំមានការព្រួយបារម្ភនៅពេលអ្នកជ្រើសតាំង John Bolton ជាទីប្រឹក្សាសន្តិសុខជាតិ ខណៈដែលគាត់គឺជាបុគ្គលដ៏សំខាន់មួយ ដែលបានបង្កើតឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ាក់...។ ខ្ញុំប្រឆាំងចេតនាបង្កសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយទស្សនដែលថា អ៊ីរ៉ង់មានបំណងវាយប្រហារអាមេរិក គឺមិនសមហេតុផលនោះទេ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ព្រឹទ្ធសមាជិក នៃបក្សសាធារណរដ្ឋខាងលើនេះ បានកើតមានឡើងចំពេលដែលស្ថានការណ៍ជារួមនៅមជ្ឈិមបូព៌ា នៅតែស្ថិតនៅក្នុងលក្ខណៈប្រុងជើងការនៅឡើយ ខណៈដែលសព្វាវុធគ្រប់ប្រភេទរបស់អាមេរិក កំពុងស្ថិតនៅទីនោះជាស្រេចក្រោមលេសថា ដើម្បីត្រៀមទប់ទល់ផែនការវាយប្រហាររបស់អ៊ីរ៉ង់៕