(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានលើកឡើងថា ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសចិនពុំមែនជា រឿងដែលមិនអាចជៀសបាននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងឱកាសនៃការថ្លែងសុន្ទរកថាបើកវេទិកាកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី លោក Lee បានលើកឡើងថា «ការបន្តដើរលើផ្លូវនៃភាពតានតឹងនាពេលបច្ចុប្បន្ន នឹងជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ សម្រាប់ប្រទេសទាំងពីរ»។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីបានបន្តថា អាមេរិក និងចិនសុទ្ធតែមិនចង់ឲ្យភាគីម្ខាងទៀតយល់ថា ខ្លួនឯងទន់ខ្សោយនោះឡើយ ដោយទីក្រុងវ៉ាស៊ីនតោនបានបង្ហាញថា ខ្លួនគឺនៅតែជឿនលឿននាំមុខគ្នាក្នុងគ្រប់វិស័យទាំងអស់ ខណៈទីក្រុងប៉េកាំងវិញមិនអាច បង្ហាញភាពចុះញ៉ម ចំពោះសម្ពាធពីលោកខាងលិចបាននោះទេ។
លោក Lee បានបញ្ជាក់ថា ដោយសារគោលជំហរយកឈ្នះចាញ់គ្នាបែបនេះហើយ ទើបធ្វើឲ្យវាលំបាកខ្លាំងក្នុងការបង្កើតកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបានដោយភាគីទាំងពីរ។ ទោះជាបែបនេះក្តី ទាំងអាមេរិក និងចិន គឺនៅតែត្រូវឈានដល់ការសម្របសម្រួលគ្នា ហើយបញ្ចុះបញ្ចូលប្រជាជនទាំងសងខាងឲ្យទទួលយករឿងនេះ។
គួរជម្រាបថា រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) និងរដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) ក៏ នឹងត្រូវឡើងថ្លែងសុន្ទរកថា នៅក្នុងវេទិកាខាងលើផងដែរ ខណៈមហាអំណាចទាំងពីរ កំពុងតែមានភាពតានតឹងជាមួយគ្នាខ្លាំង ទាំងផ្នែកដែនសមុទ្រ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ដោយសារតែអាមេរិកបានដាក់ក្រុមហ៊ុនយក្សចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅ ដោយសំអាងលើការស៊ើបអង្កេតដោយខ្លួនឯងរកឃើញថា ក្រុមហ៊ុននេះកំពុងគំរាមកំហែងសន្តិសុខអាមេរិក៕