(អាមេរិក)៖ ប្រភពពីសារព័ត៌មាន Wall Street Journal (WSJ) បានឲ្យដឹងនៅថ្ងៃសុក្រ (ពេលវេលានៅវ៉ាស៊ីតោន) សប្តាហ៍នេះថា ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក កំពុងរៀបចំបើកការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនយក្ស Alphabet Inc របស់អាមេរិក ពាក់ព័ន្ធទៅនឹងការបំពានទំនុកចិត្ត។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
តាមការផ្សាយរបស់ WSJ ការស៊ើបអង្កេតខាងលើនេះ នឹងត្រូវផ្តោតសំខាន់ទៅលើការ ប្រតិបត្តិរបស់ក្រុមហ៊ុន Google ភ្ជាប់ទៅលើដំណើរការស្វែងរក (Search) និងពាណិជ្ជកម្មរបស់ក្រុមហ៊ុននេះជារួម។ តាមពិតទៅក្រុមហ៊ុន Google បានស្ថិតក្រោមការស៊ើបអង្កេត របស់ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ជាច្រើនឆ្នាំមកហើយ ប៉ុន្តែលើកនេះលទ្ធផលនៃការស៊ើបអង្កេត នឹងត្រូវបញ្ជូនទៅឲ្យក្រសួងយុត្តិធម៌តែម្តង ដើម្បីធ្វើការពិនិត្យ និងចាត់ការបន្ត។
គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីរាយការណ៍ខាងលើនេះ ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានធ្វើការសាកសួរទៅកាន់ក្រុមហ៊ុន Google និងក្រសួងយុត្តធម៌អាមេរិកផងដែរ ប៉ុន្តែពុំទទួលបានការឆ្លើយតបមកវិញឡើយ។ ក្រុមហ៊ុនប្រកួតប្រជែងមួយចំនួន បានចោទប្រកាន់ទៅលើ Google ទៅកាន់ FTC ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ អំពីការប្រកួតប្រជែងដោយមិនស្មោះត្រង់ ដែលធ្វើប៉ះពាល់ដល់គូប្រជែង។ ជុំវិញបញ្ហានេះ Wall Street Journal បានចេញផ្សាយទៀតថា ក្រសួងយុត្តិធម៌បានទាក់ទងទៅកាន់ Google ហើយការស៊ើបអង្កេតនឹងចាប់ផ្តើមឡើង៕