(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសមួយ ដែលបង្គាប់ឲ្យបិទបញ្ចប់ការអនុគ្រោះពន្ធឲ្យប្រទេសឥណ្ឌា នៅក្រោមប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP នោះទៀតហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមសេតវិមានទីក្រុងវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានបង្គាប់ដកឈ្មោះប្រទេសឥណ្ឌា ចេញពីប្រទេសកំពុងអភិវឌ្ឍន៍ដែលអាច ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP នៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ព្រោះតែលោកយល់ថា ឥណ្ឌាពុំអាចផ្តល់ការធានាឲ្យសហរដ្ឋអាមេរិកបានថា ខ្លួននឹងបើកចំហទីផ្សារឲ្យបានគ្រប់គ្រាន់ និងសមហេតុផល ។
គួរជម្រាបថា ប្រព័ន្ធផែនការអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិក អនុញ្ញាតឲ្យផលិតផលមួយចំនួនមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាង ១២០ អាចនាំចូលក្នុងទឹកដីអាមេរិកបានដោយមិនគិតពន្ធឡើយ។ ការធ្វើរបស់អាមេរិកពេលនេះត្រូវបានគេមើលឃើញថា ជាចេតនាបង្កើនពន្ធនាំចូលផលិតផលមកពីបរទេស ដែលលោកចាត់ទុកជាការគំរាមកំហែង ដល់ផលិតផលក្នុងស្រុករបស់អាមេរិក តួយ៉ាងដូចជាការបង្ហើបពីផែនដីយកពន្ធដល់ទៅ ៦៣% លើផលិតផលខ្សែអាលុយមីញ៉ូមរបស់ចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នោះឯង៕