(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិចចំនួន១១នាក់ បានបាត់បង់ជីវិត និង០៦នាក់ទៀតត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ក្នុង ករណីបាញ់ប្រហារមួយ នៅអគារមជ្ឈមណ្ឌលមួយកន្លែង ក្នុងទីក្រុង Virigina Beach នៃរដ្ឋ Virginia ភាគខាងកើតសហរដ្ឋអាមេរិក ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០១៩។
យោងតាមមេប៉ូលិសទីក្រុង Virginia Beach លោក Jim Cervera ខ្មាន់កាំភ្លើង ដែលមានតួនាទីជាបុគ្គលិក នៅក្នុងមជ្ឈមណ្ឌលខាងលើ ក៏បានស្លាប់ នៅក្នុង ហេតុការណ៍នោះដែរ បន្ទាប់ពីផ្ទុះអាវុធជាមួយកម្លាំងប៉ូលិស។ មូលហេតុដែលបង្កឲ្យមានករណីបាញ់សម្លាប់មនុស្សនេះ នៅមិន ទាន់ត្រូវបានអាជ្ញាធរបញ្ជាក់ច្បាស់នោះទេ ខណៈខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារយ៉ាងកម្រោល។
គួរជម្រាបថា បើតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនរបស់អាមេរិកវិញ ខ្មាន់កាំភ្លើង ម្នាក់នោះ ត្រូវបានគេ បណ្តេញ ចេញពីការងារ ក្រោយបម្រើការអស់រយៈពេលយូរឆ្នាំមកហើយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈសកម្មភាព បាញ់ប្រហារ បានកើតឡើងនៅថ្ងៃបន្ទាប់ គឺថ្ងៃសុក្រ (ពេលវេលានៅទីក្រុង Virginia Beach)៕