(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិននាថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងព្រាងបញ្ជីឈ្មោះមួយនៃក្រុមហ៊ុន ស្ថាប័ន និងបុគ្គលបរទេសទាំងឡាយណា ដែលទីក្រុងប៉េកាំងចាត់ទុកថា បង្កគ្រោះថ្នាក់ដល់ក្រុមហ៊ុនចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។
ចំណាត់ការខាងលើ ដែលពុំមានបញ្ចេញឈ្មោះប្រទេស ឬក៏ក្រុមហ៊ុនណាមួយចំៗឡើយនោះ កើតមានឡើង នៅចំពោះមុខភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក ដែលបានកើនកម្តៅកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្រេចកត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួន ដែលហាមក្រុមហ៊ុនអាមេរិក ធ្វើទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុននេះ ដោយគ្មានការអនុញ្ញាត។
បើតាមលោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ក្រុមហ៊ុន អង្គការ ឬបុគ្គលបរទេសណា ដែលនឹងមានឈ្មោះក្នុងបញ្ជីខាងលើ គឺដោយសារតែពួកគេបំពានច្បាប់ប្រកួតប្រជែងទីផ្សារ រំលោភស្មារតីនៃការចុះកិច្ចសន្យា រាំងខ្ទប់ការផ្គត់ផ្គង់មកក្រុមហ៊ុនដោយគ្មានមូលហេតុច្បាស់លាស់ ឬក៏បង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សិទ្ធក៏ដូចជាផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្មចិននឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត ទាក់ទិននឹងបញ្ជីនេះ នាពេលឆាប់ៗខាងមុខ៕