(ម៉ានីល)៖ នៅទីបំផុតអាជ្ញាធរហ្វីលីពីនបានអះអាងថា ចំណាប់ខ្មាំងជាជនជាតិហូឡង់ ដែលពួកឧទ្ទាមអាប៊ូសាយ៉ាហ្វ (Abu Sayyaf) បាញ់សម្លាប់បាត់ទៅហើយ ក្រោយពីរូបគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១២ នៅក្នុងព្រៃមួយនៃទីក្រុង ផាទីខាល់ (Patitkul) នៃខេត្តស៊ូលូ ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។
លោកអគ្គមេបញ្ជាកាយោធា ឌីវីណូ ផាបាយ៉ូ (Divino Rey Pabayo) ដែលជាអ្នកដឹកនាំ កងកម្លាំងប្រតិបត្តិការពិសេសនៅក្នុងខេត្ត Sulu បានអះអាងថា ជនជាតិហូឡង់ភេទប្រុស ដែលមានឈ្មោះថា អេវូលដ៍ ហន (Ewold Horn) ត្រូវបានបាញ់សម្លាប់ នៅពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលហ្វីលីពីន និងក្រុមឧទ្ទាមអាប៊ូសាយ៉ាហ្វ ផ្ទុះឡើងកាលពីវេលាម៉ោង ៧៖៤៥នាទីព្រឹកថ្ងៃសុក្រនេះ ស្ថិតនៅក្នុងភូមិផាន់ស៊ុល (Pansul) នៃក្រុង Patikul នៃខេត្តខាងលើ។
គួរបញ្ជាក់ថា អាជ្ញាធរហ្វីលីពីនក៏បានបង្ហាញការសោកស្តាយបំផុតផងដែរ ដោយសារតែខ្លួន មិនអាចរំដោះចំណាប់ខ្មាំងជាជនជាតិហូឡង់នោះបាន ប៉ុន្តែនៅក្នុងប្រតិបត្តិការក្តៅគគុកខាងលើនេះ កងកម្លាំងរដ្ឋាភិបាលបានបាញ់សម្លាប់ ក្រុមឧទ្ទាមចំនួន ០៦នាក់ និងបង្កឲ្យ ១២នាក់ទៀតរងរបួស។ ក្រៅពីបាននាំយកសាកសពរបស់លោក Horn ចេញពីក្នុងព្រៃ កងកម្លាំងហ្វីលីពីនបានឃើញសាកសព ដែលគេជឿជាក់ថា ជាប្រពន្ធទីពីររបស់មេដឹកនាំកំពូលអាប៊ូសាយ៉ាហ្វ ឈ្មោះនាង មីងហ្គាយ៉ាន សាហ៊ីរ៉ូន (Mingayan Sahiron) ផងដែរ៕