(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅ ស៊ូលតង់ អាប់ឌុលឡាហ៍ (Sultan Abdullah) នាថ្ងៃសុក្រនេះបានផ្ញើសារអបអរទៅវិញទៅមក ក្នុងឱកាសគម្រប់ខួប ៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។

កាលពី ៤៥ឆ្នាំមុន ទំនាក់ទំនងការទូតរវាងប្រទេសអាស៊ីទាំងពីរ ត្រូវបានផ្សាភ្ជាប់ឡើងជាផ្លូវការ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអាណត្តិទីពីរ នៃប្រទេសម៉ាឡេស៊ី លោក អាប់ឌុល រ៉ាហ្សាក់ ហ៊ូស្សេន (Abdul Razak Hussein) ដែលបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅឯប្រទេសចិន និងជាពេលបើកទំព័រសករាជថ្មី នៃចំណងមិត្តភាពរវាងប្រទេស ដែលសុទ្ធតែមានអរិយធម៌យូរអង្វែងដូចគ្នានេះ ខណៈទំនាក់ទំនងការទូតចិន-ម៉ាឡេស៊ី បានបន្តបោះជំហានទៅមុខរហូតមកទល់បច្ចុប្បន្ន។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ (Mahathir Mohamad) ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលរបស់លោក ដែលបានឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំ២០១៨ នឹងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង​ម៉ាឡេស៊ី-ចិន ឲ្យរឹងមាំខ្លាំងក្លាថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងប្រកបដោយអត្ថន័យ៕