(អង់ការ៉ា)៖ បុគ្គលិកក្រសួងការបរទេសតួកគីចំនួន ០៥នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធករណីធ្វើរដ្ឋប្រហារបរាជ័យ តាំងតែពីឆ្នាំ២០១៦ បានអះអាងថា ពួកគេបានទទួលរងការធ្វើទារុណកម្ម ខណៈកំពុងជាប់ឃុំឃាំង។ នេះបើ តាមសមាគមេធាវីទីក្រុងអង់ការ៉ា ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។
បុគ្គលទាំង ០៥នាក់ខាងលើស្ថិតក្នុងចំណោមបុគ្គលិកក្រសួងការបរទេសតួកគីសរុប ២៤៩នាក់ ដែលត្រូវបានអាជ្ញាធរតួកគីបង្គាប់ឲ្យចាប់ខ្លួន កាលពីសប្តាហ៍មុនក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធទៅនឹងក្រុមចលនា ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាទម្លាក់កំហុសថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពី ០៣ឆ្នាំមុន។
សមាគមមេធាវីធំជាងគេប្រចាំទីក្រុងអង់ការ៉ាបានឲ្យដឹងថា ជនសង្ស័យប្រមាណ ១០០នាក់ ត្រូវបានចាប់ខ្លួន ហើយក្រុមមេធាវីរបស់សមាគមក៏បានជួបជាមួយជន ដែលជាប់ឃុំឃាំងចំនួន ០៦នាក់ផងដែរ ក្រោយលេចលឺអំពីដំណឹងនៃការធ្វើទារុណកម្មនេះ តាមរយៈបណ្តាញសង្គម និងក្រុមបក្សប្រឆាំង។ ក្នុងនោះ ០៥នាក់បានរាយការណ៍ថា ពួកគេត្រូវបាននាំខ្លួនទៅសួរចម្លើយ ដោយសម្រាតខោអាវ វាយខ្នោះ និងធ្វើទារុណកម្មនៅក្នុងបន្ទប់ងងឹតមួយ ខណៈម្នាក់ទៀតបានបញ្ជាក់ថា ខ្លួនឯងផ្ទាល់មិនបាន ទទួលរងការធ្វើទារុណអ្វីទេក៏ប៉ុន្តែទទួលស្គាល់ថា អ្នកផ្សេងទៀតធ្លាប់។ ទាក់ទិននឹងរឿងធ្វើទារុណកម្មនេះ ប៉ូលិសទីក្រុងអង់ការ៉ាបានឆ្លើយបដិសេធ។
គួរជម្រាបថា ចាប់តាំងពីរដ្ឋប្រហារបរាជ័យថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ មនុស្សជាង ៧៧,០០០ត្រូវបានចាប់ខ្លួន ខណៈមន្រ្តីស៊ីវិល និងយោធា ប្រមាណ ១៥០,០០០នាក់ត្រូវបានព្យួរការងារ ឬក៏ដកចោលតែម្តង៕