(ម៉ានីល)៖ កប៉ាល់ទឹកទំនិញដែលជាកម្មសិទ្ធិរបស់ប្រទេសកាណាដា បានចូលមកដល់ កំពង់ផែរបស់ប្រទេសហ្វីលីពីនហើយ ដើម្បីរៀបចំដឹកជញ្ជូនសំរាមប្រមាណ ៦៩កុងតឺនី ត្រឡប់ទៅវិញ ក្រោយពីបានដឹកមកចាក់ចោលនៅប្រទេសអាស៊ានមួយនេះ កាលពីកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ដែលជាសម័យកាលដឹកនាំរបស់ អតីតប្រធានាធិបតីហ្វីលីពីនលោក ប៊ែនីកណូ អាគីណូ ទី៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមិថុនា ឆ្នាំ២០១៩។

កប៉ាល់រៀបចំដោយប្រទេសកាណាដាខាងលើនេះ បានចូលមកចតនៅកំពង់ផែហ្វីលីពីន Subic Bay Freeport នៅពេលទៀបភ្លឺថ្ងៃសុក្រនេះតែម្តង ដើម្បីរៀបចំដឹកនាំសំរាមត្រឡប់ទៅកាន់ ប្រភពដើមវិញ ក្រោយពីបានយកស្តុកទុក នៅកំពង់ផែមួយនេះកាលពីប៉ុន្មានឆ្នាំមុន។ បើតាមមន្ត្រីរដ្ឋបាលកំពង់ផែ Subic Bay លោក វីលម៉ា អ៊ែស្មា (Wilma Eisma) បានឲ្យដឹងថា កុងតឺនឺផ្ទុកសំរាមដែលត្រូវបានដឹកគឺមាន ៦៩ ក្នុងនោះ ៦៧ទូយកពីកំពង់ផែស្រាប់ និង ០២ទូរទៀតទើបនាំយកពីរដ្ឋធានីម៉ានីល (ទីដែលប្រជាជនប្រមូលផ្តុំតវ៉ា ដើម្បីទាមទារឲ្យកាណាដាយកសំរាមទាំងនេះត្រឡប់ទៅវិញ)។

គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូតឺតេ បានព្រលះប្រទេសកាណាដា អំពីបញ្ហាសំរាមកាលពីអតីតកាល ដែលត្រូវបានយកមកចាក់ចោល នៅប្រទេសរបស់លោក ហើយលោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្នរបស់កាណាដា នាំយកសំរាមទាំងអស់នេះត្រឡប់ទៅវិញដោយឥតលក្ខខណ្ឌ។ តាមពិតទៅសំរាមទាំងអស់មានចំនួន ១០៣កុងតឺនឺ ដែលមានផ្ទុកសុទ្ធតែកាកសំណល់ប្លាស្ទីក កាកសំណល់ក្នុងផ្ទះ ក្រដាស និងកន្ទបកូនក្មេងជាដើម ប៉ុន្តែកប៉ាល់ដែលបញ្ជូនមកដោយកាណាដានេះ អាចដឹកក្នុងតំណាក់កាលទី ១ តែ ៦៩ កុងតឺនឺសិនប៉ុណ្ណោះ៕