(តូក្យូ)៖ សហរដ្ឋអាមេរិក និងប្រទេសចិនត្រូវតែរួមគ្នាបង្កើតគំរូម៉ូដែលថ្មីមួយ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការ ប្រកបដោយលក្ខណៈស្ថាបនា ដើម្បីឲ្យពិភពលោកទទួលបានស្ថិរភាព និងសណ្តាប់ធ្នាប់ជាថ្មីឡើងវិញ។ នេះបើតាមឧបនាយករដ្ឋមន្រ្តីសិង្ហបុរីលោក ហេង ស្វ៊ីឃាត (Heng Swee Keat) ដកស្រង់សម្តីដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩។
ការថ្លែងបែបនេះរបស់លោក Heng ធ្វើឡើងស្របពេលដែលលោកចូលរួមក្នុង សន្និសីទអន្តរជាតិស្តីពីអនាគតអាស៊ី ដែលរៀបចំ ឡើងនៅទីក្រុងតូក្យូនៃប្រទេសជប៉ុន ក្រោមប្រធានបទ «ស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី និងជម្នះភាពចលាចល»។ លោក Heng បាននិយាយថា សហរដ្ឋអាមេរិក និងប្រទេសចិនត្រូវតែកសាងទំនុកចិត្តឡើងវិញ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអាចត្រូវចាត់ទុកបានថា ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់ជាងគេបំផុត និងជាគន្លឹះក្នុងការរក្សាសន្តិភាព ក៏ដូចជាវិបុលភាពនៅតំបន់អាស៊ី ក៏ដូចជានៅទូទាំងពិភពលោក។
លោកឧបនាយករដ្ឋមន្រ្តីសិង្ហបុរីបានបន្តថា អាមេរិកគួរតែបត់បែនហើយទទួលស្គាល់ថា ទោះបីចិនគឺជាដៃគូប្រកួតប្រជែងមួយរបស់ខ្លួន តែចិនក៏ជាដៃគូសហការដ៏មានតម្លៃមួយផងដែរ ហើយបើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែព្យាយាមគេចវេសពីរឿងនេះ វានឹងធ្វើឲ្យលទ្ធផលកាន់តែអាក្រក់ សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។
លោក Heng បានបន្ថែមដូច្នេះ «អាមេរិកគួរតែព្យាយាមសហការជាមួយចិន ដើម្បីកសាងតុល្យភាពនៃអំណាចថ្មីមួយ ដែលផ្តល់ប្រយោជន៍ដល់មហាអំណាចទាំងពីរ តែគោរពតាមប្រព័ន្ធពហុភាគី ដែលឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីឲ្យប្រទេស ទាំងអស់មិនថាធំ ឬតូចឡើយ នឹងមានសិទ្ធិបញ្ចេញមតិ ហើយទទួលបានការគោរព ចំពោះអធិបតេយ្យរបស់ពួកគេ»។
ជាចុងក្រោយ លោក Heng Swee Keat បានគូសបញ្ជាក់ថា ប្រទេសនៅតំបន់អាស៊ី និងស្ទើរតែប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺសុទ្ធតែមិនចង់ជ្រើសរើសភាគីខាងណាមួយឡើយ ដោយលោកបាននិយាយថា «ពួកយើងចង់អាចធ្វើពាណិជ្ជកម្ម ដោយបើកចំហរ ដោះដូរបច្ចេកវិទ្យាដោយសេរី ហើយអាចធ្វើការវិនិយោគ ឬក៏ទទួលការវិនិយោគពីប្រទេសណាក៏បាន»៕