(តូក្យូ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហំាម៉ាត់ បាននិយាយថា ពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពឥតសណ្ដាប់ធ្នាប់ ដែលចាំបាច់ត្រូវការប្រព័ន្ធថ្មីមួយផ្អែកលើមូលដ្ឋានច្បាប់ ដែលអនុញ្ញាតឱ្យបណ្ដាប្រទេសនានាដោះស្រាយជម្លោះតាមរយៈកិច្ចចរចា និងមានអាជ្ញាកណ្ដាល។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
លោក មហាធៀ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ នាឱកាសចូលរួមវេទិការអន្តរជាតិលើកទី ២៥ ស្ដីពីអនាគតតំបន់អាស៊ី ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រីវ័យ ៩៣ឆ្នាំរូបនេះ បានលើកឡើងដូច្នេះថា «សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន ហាក់ដូចជាបរាជ័យ... ហើយបរាជ័យនេះគឺដោយសារតែយើងចូលចិត្តដើរតាមជំហានហិង្សា និងគំរាមកំហែង គ្នាទៅវិញទៅមក នៅពេលដែលមិនអាចដោះស្រាយការខ្វែងគំនិតគ្នាបាន»។
គួរបញ្ជាក់ថា បើតាមលោក មហាធៀ ពិភពលោកបច្ចុប្បន្ន ត្រូវជាចំាបាច់នូវប្រព័ន្ធថ្មីមួយផ្អែកលើមូល ដ្ឋានច្បាប់ដែលអនុញ្ញាតឱ្យបណ្ដាប្រទេសនានា ដោះស្រាយជម្លោះតាមរយៈកិច្ចចរចា និងអាជ្ញាកណ្ដាលដោយស្មើភាព។ ប៉ុន្តែដើម្បីបានប្រព័ន្ធថ្មីនេះ លោកក៏បានបញ្ជាក់ដែរថា ពិភពលោកត្រូវតែសម្រេចចិត្តទាំងអស់គ្នាថា រាល់ជម្លោះទាំងអស់ត្រូវតែផ្សះផ្សានៅលើតុចរចា៕