(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក កំពុងតែរិះរកវិធីសាស្រ្តកាត់បន្ថយការពឹងផ្អែកលើធនធានរ៉ែកម្រ Rare Earth របស់ចិនចំពេលមានការព្រមានថា ទីក្រុងប៉េកាំង អាចនឹងកាត់ផ្តាច់ការផ្តត់ផ្គង់ធនធានដ៏សំខាន់នេះមកឲ្យអាមេរិក នៅចំពោះមុខសង្រ្គាម ពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
លោក ម៉ៃក៍ អាន់ឌ្រូស៍ (Mike Andrews) អ្នកនាំពាក្យនៃក្រសួងការពារជាតិអាមេរិក នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រសួងការពារជាតិអាមេរិក កំពុងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយលោកប្រធានាធិបតី និងសភាអាមេរិក ក៏ដូចជាក្រុមហ៊ុនដែលពាក់ព័ន្ធ ដើម្បីស្វែងរកមធ្យោបាយកាត់បន្ថយ ការពឹងផ្អែករបស់អាមេរិកលើពពួកធនធានរ៉ែ Rare Earth របស់ប្រទេសចិន។ បើតាមលោក Andrews ថ្មីៗនេះក្រសួងការពារជាតិអាមេរិក ទើបតែបានបញ្ជូនរបាយការណ៍មួយស្តីពីបញ្ហានេះ ទៅកាន់សភាអាមេរិក។
គួរជម្រាបថា ធនធានរ៉ែកម្រ Rare Earth គឺជាសមាសធាតុយ៉ាងសំខាន់សម្រាប់ការបង្កើត និងអភិវឌ្ឍន៍ផលិតផលទំនើបៗ ដែលរួមមានទាំងស្មាតហ្វូន យានជំនិះដើរដោយថាមពលអគ្គិសនី បរិក្ខាយោធា និងសព្វាវុធជាដើម។ បើយោងតាមរបាយការណ៍សព្វថ្ងៃនេះ ចិនគឺជាប្រទេសនាំមុខគ្នាបង្អស់ក្នុងការផ្គត់ផ្គង់រ៉ែ Rare Earth និងទទួលបន្ទុកជិត ៨០ភាគរយ នៃការផលិត និងកែច្នៃធនធាន នេះនៅជុំវិញពិភពលោក ហើយទន្ទឹមគ្នាទៀតនោះប្រទេសចិនគ្រប់គ្រងប្រមាណ ៤០ភាគរយនៃធនធានរ៉ែ Rare Earth ទាំងអស់ ដែលមានវត្តមាននៅក្នុងផែនដី។ រីឯអាមេរិកវិញ គឺមានការពឹងផ្អែកខ្លាំងទៅលើការនាំចូលធនធាននេះពីប្រទេសចិន ពីមួយឆ្នាំទៅមួយឆ្នាំ។
កាលពីថ្ងៃពុធម្សិលមិញ កាសែតរដ្ឋចិន People's Daily ទើបតែបានចេញផ្សាយសារព្រមានសហរដ្ឋអាមេរិកចំៗតែម្តងថា ចិននឹងកាត់ផ្តាច់ ការផ្គត់ផ្គង់ធនធានរ៉ែ Rare Earth ដល់អាមេរិកជាមួយអត្ថន័យសង្កត់ធ្ងន់ថា «កុំថាពួកយើងមិនបានព្រមានទុកមុនឲ្យសោះ» ដោយឃ្លានេះ គេធ្លាប់ឃើញចិនប្រើតែ ០២លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្រ្ត ដែលសុទ្ធតែមានសង្រ្គាមផ្ទុះឡើង គឺនៅឆ្នាំ១៩៦២ មុនសង្រ្គាមនៅព្រំដែនចិន និងឥណ្ឌា និងនៅមុនសង្រ្គាមចិន-វៀតណាមឆ្នាំ១៩៧៩៕