(ការ៉ាកាស់)៖ តុលាការកំពូលវេណេស៊ុយអេឡា បានចោទប្រកាន់ជាផ្លូវការហើយ ប្រឆាំងនឹងអនុប្រធានសភាបក្សប្រឆាំងលោក រ៉ាហ្វាអ៊ែល ហ្គូសមែន (Rafael Guzman) ពីបទក្បត់ជាតិ និងសមគំនិតក្នុងសកម្មភាពឧទ្ទាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងការ៉ាកាស់) តុលាការកំពូលដែលស្និទ្ធនឹងលោក ម៉ាឌូរ៉ូ ក៏បានបញ្ជាក់ដែរថា លោក Guzman នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងពេលឆាប់ៗនេះ។
តុលាការកំពូលវេណេស៊ុយអេឡាបានដកអភ័យឯកសិទ្ធិសភា ពីតំណាងរាស្ត្របក្សប្រឆាំងជាច្រើននាក់ដោយចោទថា អ្នកទាំងនេះបានចូលរួមក្នុងការសកម្មភាពប៉ុនប៉ង ធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចកាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ។ វេណេស៊ុយអេឡា បានធ្លាក់ចូលក្នុងភាពចលាចលនយោបាយក្រោយមេបក្សប្រឆាំង លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ប្រកាសតែងតាំងខ្លួនជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី កាលពីខែមករា ឆ្នាំ២០១៩ ដោយមានការគាំទ្រប្រទេសច្រើនជាង ៥០ ជាពិសេសគឺសហរដ្ឋអាមេរិក៕