(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបន្តព្រមានថា តួកគីនឹងត្រូវប្រឈមមុខជាមួយទណ្ឌកម្មរបស់ខ្លួន ប្រសិនបើហ៊ានទទួលយក ប្រព័ន្ធមីស៊ីលការពារអាកាស S-400 ដែលទិញពីរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ម័រហ្គែន អូតាហ្គាស់ (Morgan Ortagus) បាននិយាយដូច្នេះថា «ពួកយើងស្ម័គ្រចិត្តជានិច្ច ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលតួកគី ប៉ុន្តែយើងនៅប្រកាន់គោលជំហរដដែល នោះគឺទីក្រុងអង់ការ៉ានឹងត្រូវប្រឈមមុខ ជាមួយផលវិបាកធ្ងន់ធ្ងរ និងជាក់ស្តែង ប្រសិនបើហ៊ានហុចដៃទទួលយកប្រព័ន្ធ S-400 ពីរុស្ស៊ី»។ បើតាមការគូសបញ្ជាក់របស់លោកស្រីអ្នកនាំពាក្យផលវិបាកទាំងនោះ រួមមានការពាក់ព័ន្ធនឹងកម្មវិធីយន្តហោះចម្បាំង F-35 និងការដាក់ទណ្ឌកម្មជាដើម។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា បានមើលមុខគ្នាមិនចំជាច្រើនខែមកហើយ ជុំវិញការដែលតួកគីសម្រេចទិញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់រុស្ស៊ី S-400 ហើយ ទោះបីជាមានការបញ្ចុះបញ្ចូល និងគំរាមកំហែងយ៉ាងណាក្តីពីអាមេរិក តួកគីនៅតែទទូចថា ខ្លួននឹងគ្មានថ្ងៃបោះបង់ចោលកិច្ចសន្យាទំហំ ២.៥ពាន់លានដុល្លារជាមួយរុស្ស៊ីឡើយ។ រីឯប្រព័ន្ធ S-400 មួយគ្រឿងដំបូងត្រូវគេរំពឹងថា នឹងត្រូវរុស្ស៊ីបញ្ជូនទៅឲ្យតួកគី ក្នុងពេលឆាប់ៗខាងមុខ៕