(អ៊ីស្រាអែល)៖ សមាជិកសភាអ៊ីស្រាអែល បានសម្រេចចិត្តបោះឆ្នោតរំលាយសភាហើយ បន្ទាប់ពី នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
បន្ថែមពីលើនេះ ការសម្រេចចិត្តរំលាយសភាភ្លាមៗនេះទៀតសោត បានតម្រូវឱ្យអ៊ីស្រាអែលត្រូវរៀបចំ ការបោះឆ្នោតសកលជាថ្មីម្ដងទៀតនៅថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ ហើយនេះក៏ជាលើកទី១ផងដែរ នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែលដែលនាយករដ្ឋមន្ត្រីឈ្នះឆោតម្នាក់ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សប្រឆាំងបាន។
គួរបញ្ជាក់ថា សភាអ៊ីស្រាអែល បានបោះឆ្នោតរំលាយខ្លួនឯងក្នុងសំឡេងគាំទ្រ ៧៤ ទល់នឹង៤៥សំឡេង ក្រោយលោក Netanyahu មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ នៅត្រឹមម៉ោង២១៖០០នាទីយប់ ថ្ងៃពុធ (ម៉ោងក្នុងតំបន់) បើទោះជាគណបក្សរបស់លោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពី ខែមេសាកន្លងទៅ ក៏ដោយ៕