(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller បាននិយាយថាការចោទប្រកាន់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពីការប្រព្រឹត្តបទឧក្រិដ្ឋណាមួយ មិនមែនជាជម្រើសនោះទេ ហើយ លោកលើកឡើងបែបនេះនៅក្នុងការអត្ថាធិប្បាយជាលើកដំបូងជុំវិញការស៊ើបអង្កេតលើសំណុំរឿង រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយជាលើកដំបូង ជុំវិញការស៊ើបអង្កេតលើសំណុំរឿង រុស្ស៊ីនៅថ្ងៃពុធ សប្ដាហ៍ នេះ លោក Mueller ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេតមានរយៈពេល២ឆ្នាំរបស់លោកមិនបានជួយ លាងសំអាតអាកប្បកិរិយាមិនសមរម្យរបស់លោក ត្រាំ នោះទេ។ ប៉ុន្តែ គោលនយោបាយរបស់ក្រសួង យុត្តិធម៌អាមេរិកទៅវិញទេ ដែលបានរារាំងរូបលោកមិនឱ្យចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី ដែល កំពុងកាន់អំណាច ពោលគឺសម្រាប់ការចោទប្រកាន់ប្រឆាំងលោក ត្រាំ មិនមែនជាជម្រើសឡើយ។
ដោយឡែក ជាការឆ្លើយតបនឹងការលើកឡើងរបស់លោក Mueller លោក ដូណាល់ ត្រាំ បានបង្ហោះ សារមួយនៅលើ Twitter ភ្លាមៗដោយនិយាយដូច្នេះថា៖ «សំណុំរឿងត្រូវបានបញ្ចប់! សូមអរគុណ»។
គួរបញ្ជាក់ថា លោក Robert Mueller ត្រូវបានតែងតាំងជារដ្ឋអាជ្ញាពិសេសអាមេរិកទទួលបន្ទុក ស៊ើបអង្កេតលើការចោទប្រកាន់ថារុស្ស៊ីបានលូកដៃចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពី ឆ្នាំ២០១៦ និងទំនាក់ទំនងពិសេសរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ ជាមួយ ទីក្រុងម៉ូស្គូ។
ប៉ុន្តែ របាយការណ៍មានកម្រាស់ជាង ៤៤៨ទំព័ររបស់លោក មិនបានរកឃើញ ឬក៏បញ្ជាក់ថាក្រុមយុទ្ធនា ការឃោសនាបោះឆ្នោតឱ្យលោក ត្រាំ បានសមគំនិតជាមួយរុស្ស៊ីដើម្បីជួយឱ្យលោកឈ្នះនៅក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ នោះឡើយ៕