(វ៉ាស៊ីនតោន)៖ រុស្ស៊ីទំនងជាបាន និងកំពុងរំលោភបំពានលើបម្រាមធ្វើតេស្ដអាវុធនុយក្លេអ៊ែរ នៅឯតំបន់ Arctic ស្របពេលមហាអំណាចយោធាទាំង២កំពុងភាពតានតឹងនឹងគ្នា ក្រោយការប្រកាសដកខ្លួនចេញ ពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ នេះបើតាមមន្ត្រីអាមេរិកជាន់ខ្ពស់ម្នាក់ ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ Robert Ashley ដែលជានាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់ការពារជាតិអាមេរិក ធ្វើការកត់សម្គាល់បែបនេះ ដោយចង់សំដៅលើកិច្ចព្រមព្រៀងហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរCTBT ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីសុទ្ធតែជាប្រទេសហត្ថលេខី។ លោក Ashley បានគូសបញ្ជាក់ ដូច្នេះថា៖ «តាមរយៈបទពិសោធន៍នៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់យើង បានធ្វើឱ្យយើងជឿជាក់ថា សកម្មភាពធ្វើតេស្ដរបស់រុស្ស៊ីគឺនឹងជួយដល់ការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ពួកគេ»។
លោក បន្ថែមទៀតថាសហរដ្ឋអាមេរិក ក៏បានរំពឹងដែរថារុស្ស៊ីទំនងជាបានធ្វើតេស្ដអាវុធជាច្រើននៅឯ កោះ Novaya Zemlya ក្នុងគោលបំណងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរសម្រាប់រយៈពេល១០ឆ្នាំ ខាងមុខ។
គួរបញ្ជាក់ថា រុស្ស៊ីដែលបានផ្ដល់សច្ចាប័នដល់សន្ធិសញ្ញា CTBT កាលពីឆ្នាំ២០០៨ បានអះអាងថាខ្លួន បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមសន្ធិសញ្ញានេះ ខណៈសហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាលើសន្ធិសញ្ញា នេះដែរ តែមិនទាន់ផ្ដល់សច្ចាប័ននៅឡើយទេ៕