(គូឡាឡាំពួរ)៖ សង្គ្រាមសំរាមរវាងហ្វីលីពីន និងកាណាដាមិនទាន់ស្ងប់ស្រួលបួលផង ពេលនេះម៉ាឡេស៊ីក៏កំពុងតែប្រឈមមុខបញ្ហាក្តៅគគុកផងដែរ នោះគឺសំរាមរាប់ពាន់តោន ដែលត្រូវបានបញ្ជូនមកទម្លាក់នៅប្រទេសអាស៊ានមួយនេះ ហើយសាធារណជនម៉ាឡេស៊ី កំពុងតែរិះគន់ឥតសំចៃមាត់ ខណៈរដ្ឋាភិបាលកំពុងខ្វែងដៃខ្វែងជើងរកវិធីដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
ជាដំណោះស្រាយក្រសួងពាក់ព័ន្ធរបស់ម៉ាឡេស៊ីបានចុះទៅពិនិត្យ និងសិក្សា នៅកន្លែងផ្ទុកសំរាមច្រើនប្រភេទ ជាពិសេសសំរាមប្លាស្ទិកដែលពិភពលោកកំពុងលុបបំបាត់ ស្ថិតនៅតំបន់ Port Klang ដែលតំបន់កំពង់ផែធំបំផុតរបស់ប្រទេសម៉ាឡេស៊ី និងអាចចេញ ចំណាត់ការបញ្ជូនសំរាមទាំងអស់នោះ ទៅកាន់ម្ចាស់ដើមវិញ។
ជុំវិញបញ្ហានេះរដ្ឋមន្ត្រីថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ម៉ាឡេស៊ីលោកស្រី Yeo Bee Yin បានធ្វើសន្និសីទមួយនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយស្នើប្រទេសអ្នកមានៗទាំងឡាយ ត្រូវតែពិនិត្យការគ្រប់គ្រងសំរាមប្លាស្ទិករបស់ពួកគេ ឡើងវិញ និងឈប់បញ្ជូនសំរាមបែបនេះមកដាក់នៅម៉ាឡេស៊ីទៀត។ សម្រាប់ប្រទេសធំៗ ដែលបានបញ្ជូនសំរាមមកដាក់នៅម៉ាឡេស៊ីនោះមានដូចជា សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត កាណាដា និងជប៉ុនផងដែរ។
គួរបញ្ជាក់ថា នៅដើមសប្តាហ៍នេះម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងបញ្ជូនសំរាមប្លាស្ទិចប្រមាណ ៣,០០០តោន ត្រឡប់ទៅកាន់បណ្តាប្រទេស ដែលជាម្ចាស់សំរាមទាំង នេះវិញ ដោយរដ្ឋមន្ត្រីម៉ាឡេស៊ី Yeo Bee Yin បានចាត់ទុកអ្នកដែលទទួលយកសំរាមទាំងនេះចូលមក ក៏មានកំហុសដែរ គឺប្រៀបដូចជាជនក្បត់ប្រទេសជាតិយ៉ាងដូច្នោះ ដោយសុខចិត្ត ទទួលយកសំរាមពីបរទេស មកបង្គរចោលនៅក្នុងប្រទេសរបស់ខ្លួន។
យ៉ាងណាមិញ រដ្ឋមន្រ្តីបរិស្ថានម៉ាឡេស៊ីរូបនេះ ពុំទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនក្នុងស្រុកចំនួនប៉ុន្មាន មានជាប់ពាក់ព័ន្ធបញ្ហា នាំចូលសំរាមដោយខុសច្បាប់នេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត កំពុងតែប្រព្រឹត្តទៅ ក៏ប៉ុន្តែអ្នកនាង Yeo បាន បញ្ជាក់ថា ជនដែលប្រព្រឹត្តទៅល្មើសទាំងអស់ នឹងត្រូវទទួលទោសតាមច្បាប់៕