(បាងកក)៖ ក្រោយពីលោកឧត្តមសេនីយ ព្រេម បានទទួលមរណភាពទៅ នៅទីបំផុតព្រះមហាក្សត្រថៃព្រះបាទ មហាវិជ្ជរ៉ា ឡុងកន បានសម្រេចព្រះទ័យតាំង អតីតនាយករដ្ឋមន្ត្រីលោក ស៊ូរ៉ាយុត ជូឡាណន់ (Surayud Chulanont) ជាប្រធានស្តីទីនៃ ឧត្តក្រុមប្រឹក្សាព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post ដែលត្រូវបានដកស្រង់នៅយប់ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
លោក ព្រេម ទិនស៊ូឡាណុន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ចុងសប្តាហ៍មុននេះ ក្នុងជន្មាយុ៩៩ឆ្នាំ។
ដោយឡែកសម្រាប់លោកឧត្តមសេនីយ ស៊ូរ៉ាយុត ជូឡាណន់ មានវ័យ ៧៦ឆ្នាំដែលទើបត្រូវបាន តែងតាំងឲ្យធ្វើជាប្រធានស្តីទី នៃឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រថៃខាងលើនេះ លោកធ្លាប់បំពេញតួនាទីជាមេបញ្ជាការយោធាថៃ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២ និងជាមេបញ្ជាការជាន់ខ្ពស់យោធាពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៣។
ជាបន្តទៀតនៅខែកញ្ញា ឆ្នាំ២០០៦ ក្រោយរដ្ឋប្រហារទម្លាក់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ចេញពីតំណែងលោក ស៊ូរ៉ាយុត ជូឡាណន់ បានឡើងជានាយករដ្ឋមន្ត្រីទី ១៨ របស់ប្រទេសថៃតែម្តង សម្រាប់រយៈពេល ១៨ខែ។ បន្ទាប់ពីនោះទៀតលោកត្រូវបាន អតីតព្រះមហាក្សត្រ ភូមិបុល អាឌុល់យ៉ាដេត តែងតាំងជាមន្ត្រីនៅឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕