(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលចិនបានថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង សម្រាប់ការលូកដៃចូលក្នុងកិច្ចការតៃវ៉ាន់ជាមួយ ការ ព្រមានឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ កាត់ផ្ដាច់រាល់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា គ្រាន់តែខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ៕
២៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថាអ៊ីរ៉ង់សឹងតែមួយរយ ភាគរយ គឺជាអ្នកនៅពីក្រោយការវាយប្រហារទៅលើ កប៉ាល់០៤គ្រឿង នៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីជាង០២សប្តាហ៍មុន៕
៣៖ អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu បាននិយាយថាឥណ្ឌាត្រូវតែមានកៅអីអចិន្ត្រៃយ៍ មួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយផ្អែកលើការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ឥណ្ឌានាពេលបច្ចុប្បន្ន៕
៤៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់ ១៧នាក់បានស្លាប់ និង ៤៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្រោយផ្ទុះករណីពុលស្រានៅរដ្ឋអ៊ូតតាប្រាដែស (Uttar Pradesh) នៃភាគខាងជើងប្រទេសឥណ្ឌា៕
៥៖ មជ្ឈមណ្ឌលនៃភាពប្រកួតប្រជែងសកល IMD (IMD World Competitiveness Centre) មានមូលដ្ឋាន នៅក្នុងប្រទេសស្វីស នៅថ្ងៃពុធនេះបានចេញផ្សាយនូវរបាយការណ៍មួយ ដោយបង្ហាញថាសិង្ហបុរីបានឡើងទៅ ឈរលេខរៀងទី ១ ក្នុងនាមជាប្រទេសដែលមាន«ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេបំផុតប្រចាំឆ្នាំ ២០១៩ នៅលើពិភពលោក» ក្នុងចំណោមប្រទេសខ្លាំងៗចំនួន ៦៣៕
៦៖ ច្បាប់ថ្មីមួយនៅប្រទេសហ្វីលីពីន បានតម្រូវឲ្យសិស្ស និងនិស្សិតទាំងអស់ ដែលត្រូវបញ្ចប់ការសិក្សា ធ្វើការដាំដើមឈើក្នុងម្នាក់ៗយ៉ាងហោចណាស់ ១០ដើម មុនពេលពួកគេអាចបញ្ចប់ការសិក្សាជាផ្លូវការបាន៕