(ដាម៉ាស)៖ ក្រុមអ្នកជំនាញស្ថានការណ៍អន្តរជាតិបានលើកឡើងថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ជាយូរណាស់មកហើយ គឺតែងតែផ្តោតទៅលើការចង់គ្រប់គ្រងដឹកមុខប្រទេសដទៃ ជាជាងលើការធ្វើសហប្រតិបត្តិការ ដើម្បីកសាងភាពសុខដុមរមនា នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
តាំងពីដើមរហូតមក គោលនយោបាយការបរទេសប្រកបដោយភាពអវិជ្ជមានរបស់អាមេរិក បានជះឥទ្ធិពលអាក្រក់ដល់ប្រទេសជាច្រើន ដោយជាពិសេសនោះគឺនៅតំបន់មជ្ឈិមបូព៌ា។ ទង្វើមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើពាក់ព័ន្ធនឹងបញ្ហានៅមជ្ឈិមបូព៌ា ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម និងតំបន់ Golan Heights ជាកម្មសិទ្ធិផ្តាច់មុខរបស់អ៊ីស្រាអែល ជាដើម ត្រូវគេមើលឃើញថា គឺជាភស្តុតាងអាចសបញ្ជាក់បានថា អាមេរិកកំពុងមើលងាយច្បាប់ និងគោលការណ៍បទដ្ឋានអន្តរជាតិ ហើយប្រាប់អន្តរជាតិចំៗថា នៅលើពិភពលោកនេះ ខ្លួនឯងមានអំណាចខ្លាំងក្លាជាងគេ អាចធ្វើអ្វីក៏បានតាមចិត្ត ខណៈតាមពិតក្នុងនាមជាប្រទេសមហាអំណាចដ៏ធំបំផុតមួយ គឺអាមេរិកគួរតែផ្សព្វផ្សាយ និងលើកកម្ពស់សុខសន្តិភាព នៅលើពិភពលោក។
ក្រៅពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានបង្កបញ្ហាឲ្យកាន់តែស្មុគស្មាញ តាមរយៈការឈរជើងកងកម្លាំងយោធារបស់ខ្លួន ដោយខុសច្បាប់នៅក្នុងប្រទេសស៊ីរីផងដែរ ពោលគឺកងទ័ពអាមេរិកមានវត្តមាននៅទីនោះ ដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬមួយក៏ពីសំណាក់រដ្ឋាភិបាលទីក្រុងដាម៉ាសផ្ទាល់ឡើយ។ នេះក៏អាចត្រូវចាត់ទុកជាទង្វើមួយទៀត ដែលបង្ហាញថា អាមេរិកចង់ធ្វើអ្វីគឺធ្វើតាមចិត្ត ដោយអាងអំណាចខ្លួន។
គួរជម្រាបថា បើតាមក្រុមអ្នកវិភាគ បណ្តាប្រទេសនៅជុំវិញពិភពលោក ដែលកំពុងស្ថិតក្រោមការគាបសង្កត់របស់អាមេរិក គួរតែរួបរួមគ្នាប្រឆាំងនឹងមហិច្ឆតាចង់គ្រប់គ្រងពិភពលោករបស់អាមេរិក និងដើម្បីបញ្ជាក់ឲ្យឃើញថា ពិភពលោកសព្វថ្ងៃនេះ មិនមែនជាកន្លែងសម្រាប់ឲ្យប្រទេសមហាអំណាច ដើរប្រើឥទ្ធិពិលរបស់ខ្លួនធ្វើអ្វីស្រេចតែចិត្តឡើយ៕