(ញូដេលី)៖ អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu បាននិយាយថាឥណ្ឌាត្រូវតែមានកៅអី អចិន្ត្រៃយ៍មួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយផ្អែកលើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ឥណ្ឌានាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
លោក Venkaiah Naidu បានគូសបញ្ជាក់នៅថ្ងៃអង្គារសប្ដាហ៍នេះ ដូច្នេះថា៖ «យើងត្រូវតែបង្កើនកិច្ចខិតខំ ប្រឹងប្រែងរបស់យើង ដើម្បីទទួលបានកៅអីអចិន្ត្រៃយ៍នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈការពង្រឹងការគាំទ្រពីបណ្ដាប្រទេសនៅលើពិភពលោក និងបង្កើតកិច្ចសន្ទនាប្រកបដោយចីរភាព សំដៅធ្វើកំណែទម្រង់ UNSC»។ លោកបន្ថែមថា ឥណ្ឌាសាកសមនឹងទទួលបានអាសនៈអចិន្ត្រៃយ៍ នៅក្រុម ប្រឹក្សាសន្តិសុខ ដោយសារតែទំហំ និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ស្របពេលពិភពលោកក៏ទទួលស្គាល់ពីភាពរីកចម្រើននេះដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ មានចំនួន៥ ដូចជា ចិន បារាំង រុស្សី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលសុទ្ធតែមានសិទ្ធិសម្រេចចិត្តធំៗលើបញ្ហានានានៅទូទាំងពិភពលោក ជាពិសេសគឺសន្តិសុខ៕