(អាប៊ូដាប៊ី)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បាននិយាយថា អ៊ីរ៉ង់សឹងតែមួយរយភាគរយ គឺជាអ្នកនៅពីក្រោយការវាយប្រហារទៅលើ កប៉ាល់០៤គ្រឿង នៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីជាង០២សប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម នាថ្ងៃពុធនេះ លោក Bolton បានលើកឡើងថា កប៉ាល់ចំនួន ០៤គ្រឿង ក្នុងនោះរួមមានកប៉ាល់ដឹកប្រេង ០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីត បានទទួលរងការវាយប្រហារពីគ្រាប់មីនក្រោមទឹក ដែលសឹងតែមានប្រភពមកពីអ៊ីរ៉ង់មួយរយភាគរយតែម្តង។
លោក Bolton បានឲ្យដឹងទៀតថា លោកនឹងចូលជួបជាមួយរាជទាយាទអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាមម៉េដ ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន (Sheikh Mohammed bin Zayed Al-Nahyan) ព្រមទាំងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ ហ្សេក តាហ័នួន ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន (Sheikh Tahnoun bin Zayed Al-Nahyan) ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងភាពតានតឹងក្នុងតំបន់។
គួរជម្រាបថា អ្នកស៊ើបអង្កេតមួយក្រុម ដែលមានអ្នកជំនាញមកពី ០៥ប្រទេស ក្នុងនោះរួមមានទាំងអាមេរិកផងដែរ កំពុងតែដឹកនាំការស៊ើបអង្កេត ជុំវិញករណីវាយប្រហារកាលពីថ្ងៃទី១២ ខែឧសភា កន្លងទៅនេះ ដែលបានធ្វើឲ្យកប៉ាល់ ០៤គ្រឿងរងការខូចខាត នៅលើផ្ទៃសមុទ្រអ៉ូម៉ង់ ក្បែរទីក្រុង ហ្វូហ្សៃរ៉ាហ៍ (Fujairah) របស់អាមីរ៉ាត់អារ៉ាប់រួម៕