(ឡុងដ៍)៖ អតីតភរិយារបស់កំពូលមហាសេដ្ឋីលេខ១លើពិភពលោក គឺលោកស្រី MacKenie Bezos ដែលទើបលែងលះជាមួយលោក Jeff Bezos បានតែប៉ុន្មានខែនោះ បានសន្យាបរិច្ចាគទឹកប្រាក់យ៉ាងហោចណាស់ពាក់កណ្តាល នៃទ្រព្យសម្បត្តិដែលលោកស្រី មានទាំងអស់ (ទទួលបានក្រោយលែងលះជាមួយលោក Jeff Bezos) ទៅកាន់មូលនិធិសប្បុរសធម៌។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នាយប់ថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
សេដ្ឋីនីថ្មីថ្មោងខាងលើនេះ ទើបតែលែងលះជាមួយលោក Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon និង Blue Origin កាលពីប៉ុន្មានខែមុននេះប៉ុណ្ណោះ ហើយការប្រកាសបរិច្ចាគទ្រព្យសម្បត្តិ ផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់របស់លោកស្រីខាងលើនេះ គឺត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តឲ្យកំពូលមហាសេដ្ឋីលើលោក ធ្វើការបរិច្ចាគទឹកប្រាក់ ឬទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីកិច្ចការមនុស្សធម៌ អំឡុងពេលដែលពួកគេមានជីវិត និងទៅតាមឆន្ទៈគ្រប់ៗគ្នា។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនៃការបរិច្ចាគខាងលើនេះ គឺត្រូវបានបំផុសឡើងដំបូងដោយ កំពូលមហាសេដ្ឋី Bill Gates និង Warren Buffett ហើយជាបន្តបន្ទាប់ទៀត ក៏មាន មហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនទៀត យកគំរូតាមផងដែរ។ ដោយឡែកលោកស្រី MacKenie ក្រោយពីលះលែងជាមួយលោក Jeff Bezos និងចែកទ្រព្យសម្បត្តិគ្នារួចមក លោកស្រីបានក្លាយជាសេដ្ឋីមួយរូបដែរនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខ ២២ ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៦.៦ពាន់លានដុល្លារអាមេរិក៕