(ប៉ូឡូញ)៖ ប៉ូឡូញកំពុងគ្រោងទិញយន្តហោះចម្បាំងជំនាន់ចុងក្រោយបំផុត F-35A របស់ក្រុមហ៊ុនអាមេរិក Lockheed Martin ក្នុង​ចំនួន៣២គ្រឿង ដើម្បីយកមកប្រើប្រាស់ជំនួសយន្តហោះចម្បាំងចាស់ៗរបស់ខ្លួន ដែលសល់តាំងពីសម័យសហភាពសូវៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Mariusz Blaszczak បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ​នាថ្ងៃអង្គារនេះ យ៉ាងដូច្នេះ​ថា «ថ្ងៃនេះ យើងបានបញ្ជូនសំណើមួយទៅកាន់ដៃគូអាមេរិករបស់យើង ពាក់ព័ន្ធការចង់ទាក់ទងទិញ​យន្តហោះចម្បាំង F-35A ចំនួន៣២គ្រឿង ដែលរួមមានមកជាមួយទាំងកញ្ចប់ផ្តល់សេវាដឹកជញ្ជូននិងហ្វឹកហាត់ផងដែរ»។

គួរជម្រាបថា បើតាមក្រសួងការពារជាតិអាមេរិក កាលពីខែមេសាកន្លងទៅ សហរដ្ឋអាមេរិករំពឹងថា នឹងពង្រីកការលក់​យន្តហោះចម្បាំង F-35 របស់ខ្លួន ទៅកាន់ប្រទេសចំនួន០៥បន្ថែម ស្របពេលដែលសម្ព័ន្ធអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោន កំពុង​ខិតខំ​ពង្រឹងវិស័យការពារជាតិរបស់ពួកគេ នៅចំពោះមុខការកើនឡើងឥទ្ធិពលរបស់រុស្ស៊ី៕