(តូក្យូ)៖ នៅទីបំផុត យោធាជប៉ុនបានរកឃើញស្លាប និងម៉ាស៊ីនបែកបាក់មួយរបស់យន្ដហោះចម្បាំងបំបាំងកាយ អាមេរិក F-35A មួយគ្រឿង ដែលបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៃឈូងសមុទ្រខេត្ត Aomori ស្ថិតនៅលើកោះ Honshu ភាគខាងជើងប្រទេសជប៉ុនកាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
ព័ត៌មានពីការរកឃើញបំណែករបស់ F-35A ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ ដោយរដ្ឋមន្ត្រីការពារជាតិជប៉ុន Takeshi Iwaya នៅឯសន្និសីទសារព័ត៌មានមួយ និងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ ទស្សនកិច្ច៤ថ្ងៃរបស់លោកក្នុងប្រទេសជប៉ុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Iwaya បានបញ្ជាក់ ដូច្នេះ៖«បំណែកយន្ដហោះ F-35A ដែលរកឃើញ ត្រូវបានយកមកលើដីគោកហើយ ដោយមានសភាខូចខាត ធ្ងន់ធ្ងរ...ហើយយើងនឹងបន្តស្វែងរកបំណែកដទៃទៀតសេសសល់នៅក្នុងសមុទ្រ»។
គួរជម្រាបថា កាលពីដើមខែឧសភា ក្រុមអ្នកមុជទឹកជប៉ុនបានរកឃើញផ្នែកមួយចំនួននៃកាប៊ីន និងប្រអប់ផ្ទុក ទិន្នន័យហោះហើររបស់យន្ដហោះ F-35A ដែលធ្លាក់ចូលសមុទ្រ។ ប៉ុន្តែ អង្គចងចាំ (memory card) នៅក្នុង ប្រអប់ផ្ទុកទិន្នន័យហោះហើរបែរជាបាត់ទៅវិញ រីឯមូលហេតុធ្លាក់ក៏មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយដែរ។
ដោយឡែក កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានប្រកាសផងដែរពីគម្រោងរបស់ជប៉ុន ក្នុងការទិញយន្ដហោះចម្បាំង F-35 ចំនួន១០៥គ្រឿងពីសហរដ្ឋអាមេរិក៕