(ម៉ូស្គូ)៖ នៅកំឡុងការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រ៉ុក្កែតរុស្ស៊ី Soyuz បានត្រូវរន្ទះបាញ់ ក៏ប៉ុន្តែទីភ្នាក់ងារអវកាសរុស្ស៊ីបានបញ្ជាក់ថា សំណាងល្អវាពុំបានបង្កឲ្យមានបញ្ហាអ្វីឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើង កំឡុងការបាញ់បង្ហោះផ្កាយរណបប្រភេទ Glonass-M មួយគ្រឿងឡើងទៅកាន់ទីអវកាសចេញពីមូលដ្ឋាន Plesetsk Cosmodrome ប្រទេសរុស្ស៊ី ដែលស្ថិតនៅចម្ងាយ ៨០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងម៉ូស្គូ កាលពីវេលាព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ បើតាមក្រុមមន្រ្តីនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos គ្រាប់រ៉ុក្កែត Soyuz បាននាំយកផ្កាយរណបទៅដល់គន្លងគោចរ នៃភពផែនដីដោយជោគជ័យ។
គួរជម្រាបថា បាតុភូតរន្ទះបាញ់កំឡុងការបង្ហោះគ្រាប់រ៉ុក្កែត គឺជារឿងហេតុកម្រមួយ ប៉ុន្តែមិនមែនមិនធ្លាប់កើតមាននោះឡើយ។ កាលពីខែវិច្ឆិកា ឆ្នាំ១៩៦៩ គ្រាប់រន្ទះបានបាញ់រ៉ុក្កែត Saturn V ដល់ទៅពីរលើកផ្ទួនគ្នា អំឡុងបេសកកម្ម Apollo 12 របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ឆ្ពោះទៅកាន់ឋានព្រះច័ន្ទ តែវាពុំបានបង្កគ្រោះថ្នាក់អ្វីនោះទេ ខណៈបេសកកម្មនេះ គឺជាបេសកកម្មមានវត្តមានក្រុមអវកាសយានិកថែមទៀតផង៕