Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កំពូលមហាសេដ្ឋីអាមេរិកពីររូបតស៊ូមតិគ្នា រវាងការនាំមនុស្សទៅភពព្រះអង្គារ និងឋានព្រះច័ន្ទ ដោយក្រុមហ៊ុន SpaceX និង Blue Origin (Video inside)

28-05-2019 09:50

(បរទេស)៖ ការប្រកួតប្រជែងគ្នាជារឿយៗ បានបង្កើតឡើងនូវវឌ្ឍនភាពអស្ចារ្យៗជាច្រើន តួយ៉ាងដូចជាការប្រជែងគ្នារវាងលោក ថូម៉ាស់ អេឌីសុន (Thomas Edison) និងលោក នូខូឡា ថេស្លា (Nikola Tesla) ដែលបានផ្តល់កំណើតឲ្យអគ្គិសនីដល់ពិភពលោក និងការប្រឡងប្រណាំងរវាងលោក ស្ទេវ ចប (Steve Job) និង ប៊ីល ហ្គេតស៍ (លោក Bill Gates) ដែលបានធ្វើឲ្យយុគសម័យកុំព្យូទ័រមានភាពរីកចម្រើន និងគំនិតច្នៃប្រឌិតយ៉ាងខ្លាំងក្លា។ ងាកទៅមើលលោក អេឡុន ម៉ាសក៍ (Elon Musk) ដែលជាម្ចាស់ក្រុមហ៊ុន SpaceX និងកំពូលមហាសេដ្ឋីពិភពលោក គឺលោក ចេហ្វ បេហ្សូស (Jeff Bezos) ដែលមានក្រុមហ៊ុនអវកាស ប៊ូអូរីជីន (Blue Origin) វិញ តើនឹងអាចជួយជំរុញឲ្យយុគសម័យអវកាស បោះជំហានដល់កម្រិតណា?

ថ្មីៗនេះលោក Musk និង Bezos បានបង្ហាញចក្ខុវិស័យខុសគ្នាស្តីពីការរុករក និងតាំងទីលំនៅក្នុងទីអវកាស ដោយលោក Bezos ផ្តោតសំខាន់ទៅលើឋានព្រះច័ន្ទ និង Space Colony (ការបង្កើតសហគមន៍រស់នៅក្នុងទីអវកាស) រីឯលោក Musk បានកំណត់យកភពអង្គារ (Mars) ជាគោលដៅចម្បងបំផុតរបស់ SpaceX។

កាលពីដើមខែឧសភានេះ លោក Bezos បានបញ្ចេញគំរូយានចុះចតថ្មីមួយគ្រឿង ហៅថា Blue Moon ដែលអាចប្រើសម្រាប់ការដឹកជញ្ជូនទំនិញជាច្រើនប្រភេទ ទៅកាន់ឋានព្រះច័ន្ទ ដើម្បីជួយការដល់ការតាំងទីលំនៅនៅទីនោះ។ នាឱកាសនោះលោក Bezos ក៏ បានបង្ហាញពីចក្ខុវិស័យសម្រាប់អនាគតរបស់មនុស្សលោក ក្នុងលំហអវកាសតែម្តងផងដែរ ដោយលោកគិតថា នឹងអាចមានមនុស្សដល់ទៅ ០១ទ្រីលាននាក់ (ពាន់ពាន់លាន) នឹងរស់នៅតាមតំបន់នានានៃទីចក្រវាឡ។

តើពួកគេរស់នៅកន្លែងណាទៅ? បើតាមលោក Bezos គឺនៅក្នុងមូលដ្ឋានពិសេសរាងស៊ីឡាំង ដែលមានទំនាញសិប្បនិម្មិត ដូចនៅលើផែនដីយើងដែរ ពោលគឺត្រូវកសាងមូលដ្ឋានទាំងនេះ នៅក្នុងទីអវកាសសម្រាប់ឲ្យមនុស្សរស់នៅ។ ទន្ទឹមគ្នានោះដែរ លោក Bezos ក៏បានលើកឡើងថា ការធ្វើដំណើរទៅកាន់ភពអង្គារ គឺឆ្ងាយខ្លាំងពេក និងពិបាកក្នុងការជួយបង្កើនវឌ្ឍនភាពរបស់មនុស្សនៅទីនោះ។

ចំណែក លោក Elon Musk បានតបវិញថា ចក្ខុវិស័យបង្កើត Space Colony របស់លោក Bezos គ្មានភាពជាក់ស្តែងទាល់តែសោះព្រោះថា ដើម្បីបង្កើតកន្លែងរស់នៅ សម្រាប់មនុស្សក្នុងទីអវកាស ដូចការស្រមៃរបស់លោក Bezos វាត្រូវការដឹកជញ្ជូនធនធានជា ច្រើនមកពីភពផ្សេងៗ ឬក៏ព្រះច័ន្ទ និងអាចម៍ផ្កាយជាដើម ពោលគឺដូចព្យាយាមបង្កើតសហរដ្ឋអាមេរិក នៅកណ្តាលមហាសមុទ្រអាត្លង់ទិចយ៉ាងដូច្នោះ។

យ៉ាងណាមិញ តើមហាសេដ្ឋីរូបណា ដែលនឹងមានឱកាសសាកល្បងគំនិតរបស់ខ្លួន ស្តីពីការបង្កើតសហគមន៍រស់នៅរបស់មនុស្សនៅក្រៅភពផែនដីបានមុនគេនោះ គឺ ទាន់ច្បាស់នៅឡើយទេ ហើយវាក៏អាចនៅយូរទៀតដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន SpaceX សន្យាបញ្ជូនយានដឹកទំនិញទៅភពអង្គារ ដើម្បីសាកល្បងនៅឆ្នាំ២០២២ និងបន្ទាប់មក​បញ្ជូនមនុស្សទៅកាន់ភពក្រហមនោះតែម្តង នៅក្នុងឆ្នាំ២០២៤។ ដោយឡែកក្រុមហ៊ុន Blue Origin បានសន្យានាំមនុស្សទៅឋានព្រះច័ន្ទ និងដើរលេងនៅគន្លងគោចរភពផែនដី នៅកំឡុងពេលឆាប់ជាង SpaceX បន្តិចប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ វែបសាយព័ត៌មាន Big Think (ដកស្រង់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩)