(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន បានត្រាស់បង្គាប់ឲ្យមានការកាន់ទុក្ខ លោក ប្រេម ទីនស៊ូឡានុន (Prem Tinsulanonda) ដែលទើបតែបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ៩៩ឆ្នាំ រយៈពេល២១ថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងសេចក្តីប្រកាសមួយរបស់ព្រះវាជវាំងថៃ ព្រះបាទ វិជ្ជិរ៉ាឡុងកន បានបង្គាប់ឲ្យកាន់ទុក្ខរយៈពេល២១ថ្ងៃ នៅក្នុងរាជវាំង សម្រាប់ មរណភាពលោក ប្រេម ដោយគិតចាប់ពីថ្ងៃចន្ទនេះទៅ រហូតដល់ថ្ងៃទី១៧ ខែមិថុនាខាងមុខ តែលើកលែងនៅថ្ងៃទី០៣ ខែមិថុនា ដែលត្រូវចំថ្ងៃចម្រើនព្រះជន្មរបស់ព្រះអគ្គមហេសីទ្រង់ សូធីតា (Suthida)។ ព្រះអង្គនិងព្រះមហេសី នឹងយាងចូលរួមពិធីបុណ្យសព របស់លោក ប្រេម នៅវត្ត Benjamabophit ក្នុងទីក្រុងបាងកក នៅថ្ងៃទី០២ ខែមិថុនា។
សេចក្តីប្រកាសខាងលើ ក៏រួមមាននូវការគោរពដល់ លោក ប្រេម សម្រាប់ការធ្លាប់កាន់តួនាទី ជាប្រមុខកងទ័ព ជានាយករដ្ឋមន្រ្តី ជាទីប្រឹក្សាព្រះមហាក្សត្រ ជារដ្ឋបុរស និងជាប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ អំឡុងពេលដែលអតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត នៅមានព្រះជន្ម និងសម្រាប់ការតួនាទីរាជានុសិទ្ធិអំឡុងពេល ព្រះបាទ វិជ្ជិរ៉ាឡុងកន មិនទាន់ឡើង ស្នងរាជ្យ និងសម្រាប់ការបន្តបម្រើជា ប្រធានក្រុមប្រឹក្សា ព្រះមហាក្សត្រ របស់ព្រះរាជាថៃបច្ចុប្បន្ន រហូតដល់ទីបញ្ចប់នៃជីវិត។
ទន្ទឹមគ្នានេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យរាប់អគារស្ថាប័នរដ្ឋ និងសាលារៀនទាំងអស់ បន្ទាបទង់ជាតិ នៅត្រឹមពាក់កណ្តាល សម្រាប់រយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃចន្ទនេះដូចគ្នា រួមជាមួយការទុក្ខរយៈពេល២១ថ្ងៃ នៅក្នុងជួរ រដ្ឋាភិបាល៕