(វ៉ាស៊ីនតោន)៖ ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កំពុងធ្វើឱ្យកសិករអាមេរិកមានការខឹងសម្បារ និងអស់សង្ឃឹម បើទោះជារដ្ឋាភិបាលលោក ដូណាល់ ត្រាំ សន្យាការពារពួកគេមិនឱ្យរងផលប៉ះពាល់ពីជម្លោះ នេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
សេតវិមានកាលពីសប្ដាហ៍មុន បានបញ្ចេញកញ្ចប់ជំនួយ១៦ពាន់លានដុល្លារ ដើម្បីជួយដល់កសិករអាមេរិក ដែលរងផលប៉ះពាល់ដោយសារជម្លោះពាណិជ្ជកម្មជាមួយចិន។ ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចកសិកម្ម មកពីសាកលវិទ្យាល័យ Montana State University លោក Anton Bekkerman យល់ថានេះគ្រាន់តែ ជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ពោលគឺវាមិនអាចជួយកសិករអាមេរិកជាអចិន្ត្រៃយ៍បាននោះទេ បើជម្លោះ ពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២នៅតែបន្តកើតមាន។ លោក Anton Bekkerman បានបន្ថែមដូច្នេះថា៖ «វាពិតជាពិបាកណាស់ថាកសិករអាមេរិក អាចទទួលបាន ផលចំណេញដ៏ធំ...»។
គួរបញ្ជាក់ថា កាលពីជាង២សប្ដាហ៍មុន សហរដ្ឋអាមេរិកបានដំឡើងពន្ធលើផលិតផលនាំចូលពីចិនមានតម្លៃ ២០០ពាន់លានដុល្លារ រីឯចិនក៏បានសងសឹកវិញផងដែរជាមួយការដំឡើងពន្ធមានតម្លៃ៦០ពាន់លានដុល្លារ លើផលិតផលនាំចូលពីសហរដ្ឋអាមេរិក។ ប៉ុន្តែ ជម្លោះពាណិជ្ជកម្មបានផ្ទុះឡើងកាន់តែខ្លាំង ក្រោយរដ្ឋបាល លោក ដូណាល់ ត្រាំ បានបញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន៕