(តូក្យូ)៖ សហរដ្ឋអាមេរិកគ្មានបំណងព្យាយាមផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសអ៊ីរ៉ង់ឡើយ បើទោះបីជាប្រទេសទាំងពីរ កំពុងមានភាពតានតឹងខ្លាំងជាមួយគ្នាក្តី។ នេះបើតាមសម្តីរបស់ លោក ដូណាល់ ត្រាំ ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
នាថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា ប្រទេសរបស់លោក ពុំមែនកំពុងប៉ុនប៉ងកែប្រែរបបដឹកនាំ នៅប្រទេសអ៊ីរ៉ង់នោះទេ។ តាមរយៈសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងតូក្យូ លោក ត្រាំ បានបញ្ជាក់ដូច្នេះថា «ពួកយើងមិនចង់ផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់ឡើយ អ្វីដែលជាការចង់បានរបស់យើង គឺមិនឲ្យមានអាវុធនុយក្លេអ៊ែរនៅទីនោះ»។ លោក ដូណាល់ ត្រាំ ទើបតែបានឲ្យដឹងថា លោកនឹងបញ្ជូនកងទ័ពអាមេរិក១,៥០០នាក់បន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងជាមួយអ៊ីរ៉ង់។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ស្របពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ មានបំណងចង់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលវាអាចនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់ធ្វើឡើងដោយមេដឹកនាំជប៉ុនពីមុនៗមកឡើយ ក្នុងអំឡុងពេល០៤ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែត្រូវមើលលើគោលជំហរទីក្រុងវ៉ាស៊ីនតោនសិន៕