(ឡុងដ៍)៖ បន្ទាប់ពីលោកស្រី ថេរ៉េសា ម៉ាយ (Theresa May)ប្រកាលលាលែងពី តំណែងនាយករដ្ឋមន្រ្តីអង់គ្លេស បុគ្គលសរុប០៨នាក់ហើយ បានចូលរួមប្រកួតប្រជែងគ្នា ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងចំណោមបេក្ខភាពខាងលើ អ្នកដែលទំនងមានឥទ្ធិពលជាងគេ គឺអតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) និង រដ្ឋមន្រ្តីថាមពលអង់គ្លេស លោក ម៉ៃឈៀល ហ្គូវ (Micheal Gove)។ បើតាមក្រុមអ្នកវិភាគនយោបាយ ក្នុងបញ្ចីបេក្ខភាពនេះគឺមានក្រុមអ្នកដែលមិន គាំទ្រការដកអង់គ្លេសចេញពីសហភាពអឺរ៉ុបហៅថា Brexit ដោយពុំមានកិច្ចព្រមព្រៀង និងក្រុមអ្នកដែលត្រៀមលក្ខណៈរួចស្រេច ដើម្បីឲ្យ Brexit ប្រព្រឹត្តទៅ ទោះបីជាគ្មានកិច្ចព្រមព្រៀងក៏ដោយ ប្រសិនបើកិច្ចចរចាជាមួយ EU បរាជ័យ។
គួរជម្រាបថា បុគ្គលដែលនឹងក្លាយនាយករដ្ឋមន្រ្តីថ្មីនៃចក្រភពអង់គ្លេស នឹងត្រូវជ្រើសរើសនៅមុនដំណាច់ខែកក្កដា ឆ្នាំ២០១៩ ខណៈលោកស្រី May បានប្រកាសថា នឹងលាលែងនៅថ្ងៃសុក្រសប្តាហ៍ក្រោយ គឺចំថ្ងៃទី០៧ ខែមិថុនា ប៉ុន្តែលោកស្រីនឹងបន្តធ្វើ ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មីត្រូវបានជ្រើសរើសរួចរាល់។ រីឯ Brexit វិញនឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្រោយការពន្យារពេលជាច្រើនលើក៕