(ហូជីមិញ)៖ ជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) បានវាយលុកបន្ថែមទៀតទៅកាន់ខេត្ត ស្ថិតនៅភាគខាងត្បូងវៀតណាម ខណៈខេត្តនៅភាគខាងជើងមួយចំនួន បានផ្ទុះករណីនេះ ជាច្រើនរួចមកហើយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលនាំឲ្យសត្វជ្រូកជាច្រើនត្រូវបានសម្លាប់ និងកម្ទេចចេញ ខណៈប្រទេសមួយចំនួន បានផ្អាកការទិញជ្រូកពីវៀតណាម។ នេះបើតាមការចេញផ្សាដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
បើតាមអាជ្ញាធរវៀតណាមឲ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ជ្រូកចំនួន ៥៥ក្បាលនៅក្នុងស្រុក ម៉ាយសូយែន (May Xuyen) នៃខេត្ត សុកត្រាង (Soc Trang) ត្រូវបានពេទ្យជំនាញរកឃើញថា មានផ្ទុកទៅដោយវីរុស ASF ដូច្នេះហើយខេត្តភាគខាងត្បូង មួយនេះបានក្លាយជាខេត្តចុងក្រោយគេនៅវៀតណាម ដែលមានផ្ទុះករណីឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក។
គួរបញ្ជាក់ថា ប្រជាជននៅក្នុងតំបន់ទើបផ្ទុះករណីថ្មីខាងលើនេះ ត្រូវបានណែនាំឲ្យសម្លាប់ជ្រូក ដែលកើតមានជំងឺចោលទាំងអស់ ដើម្បីបង្ការការរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។ ដោយឡែកកាលពីថ្ងៃទី២០ ខែឧសភា ជ្រូករាប់សិបក្បាលនៅក្នុងស្រុកក្វាងប៊ិញ (Quang Binh) នៃខេត្ត ហាគាំង (Ha Giang) ភាគខាងជើងវៀតណាម ក៏ត្រូវបានយកទៅសម្លាប់ និងកម្ទេចចោលផងដែរ ក្រោយពីក្រុមជំនាញបានរកឃើញជ្រូកទាំងនោះមានផ្ទុកវីរុស ASF ឬប៉េសជ្រូកអាហ្វ្រិក៕