(ប៉េកាំង)៖ លោក រិន ចេងហ្វី (Ren Zhengfei) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies បានលើកឡើងថា ទីក្រុងប៉េកាំងទំនងនឹងមិនចាត់វិធានការទៅធ្វើបាប ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់អាមេរិក Apple Inc ដើម្បីជាការសងសឹកឲ្យ Huawei ដែលត្រូវកត់ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម របស់ទីក្រុងវ៉ាស៊ីនតោនឡើយ ហើយបើទោះបីជាចិនចេញចំណាត់ការបែបនេះក្តី គឺលោកនឹងមិនគាំទ្រនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងកំឡុងកិច្ចសម្ភាសន៍មួយជាមួយ Bloomberg លោក Ren ត្រូវបានសួរថា តើរដ្ឋាភិបាលចិន គួរតែធ្វើតាមប្រជាជនដែលបានប្រកូកប្រកាស ឲ្យមានវិធានការប្រឆាំងនឹងក្រុមហ៊ុន Apple ដែលជាអ្នកផលិតស្មាតហ្វូនដ៏ល្បីនៅលើពិភពលោក iPhone ដែរឬទេនោះ លោក Ren បានបញ្ជាក់ច្បាស់ៗថា លោកនឹងជំទាស់ដាច់ខាតចំពោះចំណាត់ការបែបនេះ បើទោះបីជាវាធ្វើឡើងដោយទីក្រុងប៉េកាំងក៏ដោយ។
លោក Ren បាននិយាយដូច្នេះថា «ការសងសឹកពីរដ្ឋាភិបាលចិនលើក្រុមហ៊ុន Apple ទំនងជានឹងមិនកើតឡើងឡើយ ហើយបើទោះសិនជាវាកើតឡើង ខ្ញុំនឹងចេញមុខប្រឆាំងមុនគេ។ Apple គឺប្រៀបដូចជាគ្រូរបស់ខ្ញុំ ដូច្នេះហើយក្នុងនាមជាកូនសិស្ស តើហេតុអ្វីបានជាខ្ញុំ ទៅប្រឆាំងនឹងគ្រូរបស់ខ្ញុំ គឺខ្ញុំនឹងគ្មានថ្ងៃធ្វើយ៉ាងដូច្នោះឡើយ»។
លោក Ren Zhengfei ក៏បានឆ្លៀតឱកាសឆ្លើយតបចំពោះអ្នករិះគន់ដែលចោទប្រកាន់ថា Huawei បានរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារតែការលួចបច្ចេកវិទ្យាអាមេរិក ដោយលោកបានសួរដូច្នេះថា «បើមើលទៅលើ 5G គឺអាមេរិកមិនទាន់អភិវឌ្ឍន៍បានទេ តើឲ្យក្រុមហ៊ុនខ្ញុំទៅលួចបច្ចេកវិទ្យានោះមកពីណា ខណៈដែល Huawei កំពុងតែនាំមុខ និយាយរួមទៅបើយើងដើរក្រោយវិញនោះ លោក ត្រាំ ប្រហែលជាមិនមករវល់ខំប្រឹង តាមរុកគួនពួកយើងបែបនេះឡើយ»។
ពាក់ព័ន្ធនឹងការថយចុះនៃចំនួនក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ និង Software ពីអាមេរិក លោក Ren បានបញ្ជាក់ថា Huawei នឹងងាកមកប្រើប្រាស់ផលិតផលរបស់ខ្លួនវិញ ព្រោះក្រុមហ៊ុនរបស់លោក ក៏អាចផ្គត់ផ្គង់ខ្លួនឯងបានដែរ ដោយលោកនិយាយដូច្នេះថា «អាមេរិកគ្រប់គ្រងក្រុមហ៊ុនរបស់គេ ប៉ុន្តែអាមេរិកមិនមែនជាគោលការណ៍អន្តរជាតិឡើយ គឺពួកគេមិនអាចគ្រប់គ្រងពិភពលោក ទាំងមូលបាននោះទេ។ ហេតុនេះ ប្រទេសដទៃទៀតនៅជុំវិញពិភពលោក អាចសម្រេចថាគួរឬមិនគួររកស៊ីជាមួយយើង ដោយ អាស្រ័យលើផលប្រយោជន៍ពាណិជ្ជកម្ម និងគោលជំហររបស់ពួកគេ»។ លោក Ren បន្ថែម «បើអាមេរិកនៅតែបន្តដាក់កំហិតលើយើង យើងនឹងបន្ថយការទិញផលិតផលពីអាមេរិក ហើយប្រើប្រាស់របស់ខ្លួនតែកាន់តែច្រើន»។
ជាចុងក្រោយ បិតាស្ថាបនិកក្រុមហ៊ុន Huawei បានសង្កត់ធ្ងន់ថា វាមិនចាំបាច់មានកិច្ចចរចាជុំវិញបញ្ហានេះឡើយ ព្រោះអាមេរិកមិនដែលទិញផលិតផលពី Huawei នោះទេ ហើយប្រសិនបើនៅពេលអនាគតអាមេរិកចង់ទិញក៏ដោយ លោកប្រហែលអាចមិនលក់ឲ្យឡើយ ខណៈលោក ដូណាល់ ត្រាំ ចង់បញ្ចូលបញ្ហាក្រុមហ៊ុន Huawei ទៅក្នុងកិច្ចចរចាសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក ដែលកំពុងជាប់គាំង៕