(ប៉ារីស)៖ លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានអំពាវនាវឱ្យប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង រំលាយសភាជាតិចោល បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាអឺរ៉ុបបឋមបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរបស់ លោកស្រីនាំមុខគណបក្សរបស់លោក ម៉ាក្រុង ដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យលោកស្រី Le Pen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ម៉ាក្រុង គ្មានជម្រើសអ្វីផ្សេងទៀតឡើយ ក្រៅតែពីរំលោយសភាជាតិចោល និងបើកផ្លូវឱ្យមាន ប្រព័ន្ធបោះឆ្នោតកាន់តែមានភាពប្រជាធិបតេយ្យ ដើម្បីឲ្យនយោបាយដើរតាមមតិភាគច្រើននៅក្នុងប្រទេសនេះ កាន់តែមានភាពប្រសើរឡើង»។
គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតសភាអឺរ៉ុបបឋមមិនទាន់ផ្លូវការ គណបក្សរួបរួមជាតិ (National Rally party) របស់លោកស្រី Marine Le Pen ដែលដំបូងឡើយមានឈ្មោះថា គណបក្សរណសិរ្សជាតិ អាចនឹងទទួលបានសំឡេងគាំទ្រ ២៤ភាគរយ ខណៈគណបក្សរបស់លោក ម៉ាក្រុង អាចទទួលបានសំឡេងគាំទ្រតែ ២២ភាគរយប៉ុណ្ណោះ។
ការធ្លាក់ចុះសំឡេងគាំទ្ររបស់គណបក្សលោក ម៉ាក្រុង គឺត្រូវបានគេសម្លឹងឃើញដល់ការធ្វើបាតុកម្មរបស់ក្រុមអាវកាក់ពណ៌លឿង ដែលបានទាមទារឲ្យរដ្ឋាភិបាលលោក ម៉ាក្រុង ដោះស្រាយបញ្ហាសាំងឡើងថ្លៃ និងជីវភាពរស់នៅកាន់តែលំបាករបស់ប្រជាជនបារាំង ហើយក៏មានអំពើហិង្សា និងការបង្ក្រាបកើតមានឡើងជាបន្តបន្ទាប់ផងដែរ ពីសំណាក់កងកម្លាំងរដ្ឋាភិបាលទីក្រុងប៉ារីស៕