(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលេងកីឡាវាយកូនគោលយ៉ាងសប្បាយរីករាយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ខណៈជម្លោះពាណិជ្ជកម្មជាមួយចិន កំពុងឡើងកម្ដៅកាន់ ខ្លាំង ក្រោយសហរដ្ឋអាមេរិកដាក់បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ នឹងចំណាយពេលពេញមួយថ្ងៃ នៅថ្ងៃអាទិត្យនេះ ជាមួយលោក អាបេ មុននឹងជំនួប កំពូលរវាងអ្នកទាំង២ត្រូវធ្វើឡើងនៅថ្ងៃចន្ទ ស្អែកនេះ។ មេដឹកនាំទាំង២ បានទទួលទានអាហារជាមួយគ្នា និងលេងកីឡាវាយកូនគោលនៅក្បែរទីក្រុងតូក្យូ ហើយនៅល្ងាចនេះលោក ត្រាំ និងលោក អាបេ នឹងត្រូវ ចូលរួមទស្សនាការប្រកួតកីឡា Sumo។
ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់ កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអាមេរិករូបនេះបានអំពាវនាវឱ្យមាន ការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ ស្របពេលជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្ទុះឡើងជាថ្មី បន្ទាប់ពីមហាអំណាចសេដ្ឋកិច្ចទាំង២ ដំឡើងពន្ធមានតម្លៃរាប់ពាន់លានដាក់គ្នាទៅវិញ ទៅមក ជាពិសេសក្រោយក្រុមហ៊ុន Huawei ត្រូវបានបញ្ចូលក្នុងបញ្ជីខ្មៅអាមេរិក។
គួរជម្រាបថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ ដើម្បីផ្ដើមបំពេញ ទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក ក្នុងនាមជាមេដឹកនាំបរទេសដំបូងគេបំផុតដែលធ្វើទស្សនកិច្ចនៅ ជប៉ុន ក្នុងសករាជ Reiwa នៃព្រះចៅអធិរាជថ្មី Naruhito៕