(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានទទួលស្គាល់ថាខ្លួនបានហាមបុគ្គលិក និងមន្ត្រីរាជការ ទាំងអស់ ធ្វើដំណើរផ្លូវការណាមួយទៅកាន់ប្រទេសកាណាដា ខណៈប្រទេសទាំង២កំពុងមានវិបត្តិការទូតនឹងគ្នា ដោយសារតែជម្លោះរឿងសំរាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ជុំវិញបម្រាមខាងលើ អ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo បានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងម៉ានីល បានចេញអនុសាសន៍មួយចុះថ្ងៃទី២០ ខែឧសភា កន្លងទៅ ដោយហាមរាល់មន្ត្រីរាជការ និងបុគ្គលិករដ្ឋទាំងអស់ធ្វើដំណើរទៅកាន់ប្រទេសកាណាដា រហូតដល់មានការជូនដំណឹងជាថ្មី។
គួរបញ្ជាក់ថា ជម្លោះការទូតរវាងប្រទេសទាំង២ ផ្ទុះឡើងរឹតតែខ្លាំងក្រោយកាណាដា បរាជ័យក្នុងការយក សំរាមជាង១០៣កុងទ័រណឺត្រឡប់ទៅវិញ ត្រឹមថ្ងៃទី១៥ ខែឧសភា។ សំរាមទាំងនេះត្រូវបានដឹកចេញពី ប្រទេសកាណាដា មកកាន់ប្រទេសហ្វីលីពីន នៅឆ្នាំ២០១៣ និង២០១៤ ប៉ុន្តែខាងកាណាដាអះអាថាសំរាម រាប់តោននេះត្រូវបានដឹកជញ្ជូនដោយគ្មានការអនុញ្ញាត។ ចំណែកឯ ទីក្រុងម៉ានីលកាលពីសប្ដាហ៍មុន ក៏បាន កោះហៅអគ្គរដ្ឋទូត និងមន្ត្រីទូតរបស់ខ្លួនជាច្រើននាក់ប្រចាំប្រទេសកាណាដាមកស្រុកវិញផងដែរ៕