(អ៊ីស្លាម៉ាបាត)៖ ប្រធានាធិបតីប៉ាគីស្ថាន លោក Imran Khan បានព្រមានថាសង្រ្គាមនៅក្នុងតំបន់មជ្ឈិមបូព៌ា ទាំងមូលអាចនឹងផ្ទុះឡើង នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងរវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
លោក Imran Khan ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Javad Zarif ដែលបានបំពេញទស្សនកិច្ចមកកាន់ទីក្រុងអ៊ីស្លាម៉ាបាត នៅក្នុងសប្ដាហ៍នេះ។ នៅក្នុង សេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីយប់ថ្ងៃសុក្រ នាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បាននិយាយថាលោកពិត ជាមានការព្រួយបារម្ភចំពោះភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់ឈូងសមុទ្រ Gulf ដោយខ្លាចក្រែងវាអាចបង្ក ជាសង្រ្គាមនៅក្នុងតំបន់ទាំងមូល។
បន្ថែមពីលើនេះ លោក Khan ក៏បានបញ្ជាក់ដែរថាសង្រ្គាមមិនមែនជាដំណោះស្រាយឡើយ ដូច្នេះភាគី ពាក់ព័ន្ធទាំងអស់គួរតែមានភាពអត់ធ្មត់ជាអតិបរាមា។
គួរបញ្ជាក់ថា ក្រោយពីបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះទម្លាក់គ្រាប់បែក ទីក្រុងវ៉ាស៊ីនតោន ក៏បានប្រកាសពីគម្រោងបញ្ជូនកងទ័ពអាមេរិកបន្ថែម១,៥០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាផងដែរ បើទោះ លោក ដូណាល់ ត្រាំ អះអាងថាលោកមិនចង់ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ៕