(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido នៅតែស្នើឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង បើទោះជាមន្ត្រីនៃភាគីទាំង២កំពុងជួបចរចាគ្នានៅទីក្រុង Oslo នៅប្រទេសន័រវេសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់លោក Guaido នៅថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ធ្វើឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលន័រវេស ប្រកាសថាកិច្ចចរចារវាងក្រុមមន្ត្រីមកពីរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ និងមន្ត្រីគណបក្សប្រឆាំងនឹងបន្តជួបចរចាគ្នានៅសប្ដាហ៍ក្រោយ។
គួរបញ្ជាក់ថា បើតាមលោក Guaido គោលជំហររបស់គណបក្សប្រឆាំងគឺនៅតែចង់ឱ្យលោក ម៉ាឌូរ៉ូ ចុះចេញ ពីតំណែង ដើម្បីឈានទៅរកការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ព្រមទាំងការបោះឆ្នោតដោយសេរី តាមបែបប្រជាធិបេតេយ្យ៕