(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យនេះ ច្រានចោលក្ដីព្រួយបារម្ភចំពោះ ការបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ដោយថាមេដឹកនាំទីក្រុង ព្យុងយ៉ាង លោក គីម ជុងអ៊ុន នឹងរក្សាពាក្យសន្យាដែលបានធ្វើជាមួយលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធតូច តាច ដែលបានបង្កការព្រួយបារម្ភដល់មន្ត្រីមួយចំនួនរបស់ខ្ញុំ និងមនុស្សដទៃ។ ប៉ុន្តែមិនមែនជាខ្ញុំនោះទេ ពីព្រោះខ្ញុំនៅតែជឿជាក់ថាលោកប្រធាន គីម នឹងរក្សាពាក្យសន្យារបស់គាត់»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេលលោកកំពុងបំពេញ ទស្សនកិច្ច៤ថ្ងៃ ក្នុងប្រទេសជប៉ុន ជាទីដែលគេរំពឹងថាលោកនឹងយកសំណុំរឿងកូរ៉េខាងជើងទៅពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ៕