តុលាការ UN បង្គាប់ឱ្យរុស្ស៊ីដោះលែងនាវិកអ៊ុយក្រែន ២៤នាក់ ជាបន្ទាន់ (Video inside)
26-05-2019 08:57
(ញូយ៉ក)៖ តុលាការអន្តរជាតិផ្នែកច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UN) បានបង្គាប់ឱ្យរដ្ឋាភិបាល រុស្ស៊ីដោះលែងនាវិកអ៊ុយក្រែន ២៤នាក់ជាបន្ទាន់ រួមទាំងនាវា៣គ្រឿងដែលខ្លួនបានរឹបអូសនៅតំបន់សមុទ្រនៃឧបទ្វីបគ្រីមៀកាលពីខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។
ប៉ុន្តែទីក្រុងម៉ូស្គូ បានបដិសេធការបង្គាប់របស់តុលាការអន្តរជាតិមួយនេះ ដោយបញ្ជាក់នាវិកអ៊ុយក្រែនទាំង ២៤នាក់បានរំលោភចូលដែនសមុទ្ររុស្ស៊ីដោយខុសច្បាប់ ខណៈគេគ្រប់គ្នាសុទ្ធតែដឹងថាតំបន់គ្រីមៀត្រូវ បានទីក្រុងម៉ូស្គូ ដណ្ដើមយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កងនាវារុស្ស៊ី បានរឹបអូសនាវា៣គ្រឿង ក៏ដូចជាចាប់ខ្លួន នាវិកអ៊ុយក្រែន២៤នាក់ នៅឯច្រកសមុទ្រ Kerch ដែលជាផ្លូវចូលតែមួយគត់ទៅកាន់កំពង់ផែអ៊ុយក្រែន ក្នុងតំបន់សមុទ្រ Azov នៃឧបទ្វីបគ្រីមៀ។ បច្ចុប្បន្ន នាវិកទាំង២៤នាក់កំពុងប្រឈមមុខជាប់ពន្ធនាគារម្នាក់ ៦ឆ្នាំ បើសិនជាពួកគេត្រូវបានរកឃើញទោសកំហុសដូចការចោទប្រកាន់មែននោះ៕