ស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់នៅអាមេរិក ត្រូវផ្លាស់ប្តូរឈ្មោះថ្មី ដែលមានលក្ខណៈបើកចំហជាងមុន (Video inside)
25-05-2019 14:01
(វ៉ាស៊ីនតោន)៖ ស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់នាថ្ងៃសៅរ៍នេះ ត្រូវបានប្រកាសផ្លាស់ប្តូរឈ្មោះថ្មី ដែលរួមមាននូវពាក្យ «តៃវ៉ាន់» និង «អាមេរិក» ចំៗជាងមុន ខណៈពុំទាន់មានប្រតិកម្មយ៉ាងណានៅឡើយទេ ពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik រសៀលថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្ន២០១៩។
ខណៈអាមេរិក និងតៃវ៉ាន់មិនមានទំនាក់ទំនងការទូតបែបផ្លូវការទេនោះ ភាគីទាំងពីរបានបង្កើត និងប្រើប្រាស់ស្ថាប័នដែលដើរតួនាទីក្នុងការ ចាត់ចែងទំនាក់ទំនងបែបមិនផ្លូវការជាមួយគ្នា។ យោងតាមសេចក្តីប្រកាស របស់ ក្រសួងការបរទេសតៃវ៉ាន់នាថ្ងៃសៅរ៍នេះ ស្ថាប័នក្រុមប្រឹក្សាសម្របសម្រួល កិច្ចការតំបន់អាមេរិកខាងជើង ហៅកាត់ CCNAA ដែលមានភារកិច្ចប្រៀបដូចជា ស្ថានទូតក្រៅផ្លូវការរបស់តៃវ៉ាន់ នៅអាមេរិក ត្រូវបានកែប្រែឈ្មោះមកជា ស្ថាប័នក្រុមប្រឹក្សាតៃវ៉ាន់សម្រាប់កិច្ចការអាមេរិក ហៅកាត់ TCUSA វិញ។
គួរជម្រាបថា សម្រាប់ស្ថាប័នដែលតំណាងសហរដ្ឋអាមេរិក នៅលើកោះតៃវ៉ាន់ មានឈ្មោះថា វិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ហៅកាត់ AIT ដែលដើរតួនាទីជាស្ថានទូតក្រៅផ្លូវការ របស់អាមេរិកនៅទីនោះ ខណៈទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ទំនាក់ទំនងការទូតផ្លូវការ ជាមួយតៃវ៉ាន់កាលពីឆ្នាំ១៩៧៩ ដោយគោរពតាមគោលនយោបាយចិនតែមួយ ប៉ុន្តែបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយតៃវ៉ាន់ ទោះបីក្នុងលក្ខណៈមិនផ្លូវការក៏ដោយ ដែលពេលខ្លះបានឲ្យទីក្រុងប៉េកាំង រង្គាសចិត្តខ្លាំងថែមទៀតផង៕