(ប៉េកាំង)៖ កាលពីខែមីនាកន្លងទៅ ចិនបានលក់មូលបត្របំណុលរបស់អាមេរិកចំនួន២០ពាន់លានដុល្លារ ដែលទង្វើនេះ ត្រូវបានគេមើលឃើញថា អាចជាការសាកល្បងរបស់ទីក្រុងប៉េកាំង ដើម្បីត្រៀមយកចំណុចខ្សោយដ៏ធំមួយ ទៅធ្វើជាអាវុធប្រយុទ្ធ ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Financial Times នាយប់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩។
នរណាក៏ដឹងដែរថា ចិនជាម្ចាស់បំណុលធំជាងគេបង្អស់របស់រដ្ឋាភិបាលអាមេរិក ដោយទីក្រុងប៉េកាំង មានមូលបត្របំណុលអាមេរិកនៅក្នុងដៃដល់ទៅជាង១.២ទ្រីលានដុល្លារ (ពាន់ពាន់លាន) ឬស្មើនឹង០៧ភាគរយនៃតម្លៃទីផ្សារពិភពលោក។ ការលក់មូលបត្របំណុលអាមេរិកខាងលើនេះ គឺមានទំហំធំបំផុត ដែលចិនមិនធ្លាប់ធ្វើកន្លងមកឡើយ ក្នុងអំឡុងពេលជាង០២ឆ្នាំនេះ។
ខណៈម្តងម្កាល មហាយក្សសេដ្ឋកិច្ចពិភពលោកលេខពីរនេះ តែងលក់មូលបត្របំណុលអាមេរិក ដើម្បីបំពេញធនបម្រុងរបស់ខ្លួនឡើងវិញ ឬក៏ដើម្បីលើកកម្ពស់ប្រាក់យ័ន ការបញ្ចេញមូលបត្របំណុលអាមេរិកក្នុងចំនួនដ៏ច្រើន ទៅក្នុងទីផ្សារកាលពីខែមីនា កន្លងទៅហាក់ពុំមែនដោយសារតែហេតុផលទាំងនេះឡើយ។
បើចិនសម្រេចលក់មូលបត្របំណុលអាមេរិកទាំងអស់ វានឹងធ្វើឲ្យលុយដុល្លារអាមេរិកចុះខ្សោយខ្លាំង ហើយការប្រាក់ដែលអាមេរិក ត្រូវបង់ក៏នឹងលោតឡើងខ្ពស់កប់ពពកផងដែរ ដែលជាហេតុអាចបណ្តាលឲ្យសេដ្ឋកិច្ចរបស់អាមេរិកទាំងមូលជួបបញ្ហាធំ។ ទោះជាបែបនេះក្តី ទីក្រុងប៉េកាំងទំនងជាមិនងាយនឹងប្រើចំណុចខ្សោយនេះឡើយ ព្រោះវាក៏អាចជះផលអវិជ្ជមានដល់ចិនខ្លួនផ្ទាល់ផងដែរ ក្នុងនាមជាប្រទេសដ៏ធំមួយ ក្នុងវិស័យពាណិជ្ជកម្មសកល។ តាមរយៈការលក់មូលបត្របំណុលអាមេរិក វាអាចធ្វើលុយយ័នរឹងមាំ ប៉ុន្តែស្របពេលជាមួយគ្នា ក៏នឹងធ្វើឲ្យការនាំចេញផលិតផលចិនកាន់តែថ្លៃ និងពិបាកលក់ជាដើម។
តាមពិតទៅការដែលចិនបញ្ចេញមូលបត្របំណុលអាមេរិកកាលពីខែមីនាកន្លងទៅ ក៏ប្រហែលជាមិនមានជាប់ពាក់ព័ន្ធនឹងសង្រ្គាម ពាណិជ្ជកម្មសោះតែម្តងក៏អាចថាបានដែរ ព្រោះមូលបត្របំណុល២០ពាន់លានដុល្លារនោះ មិនស្មើនឹង០២ភាគរយនៃទំហំបំណុល សរុប ដែលអាមេរិកជំពាក់ចិននោះទេ៕